Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនាញជលផលលែងត្រូវរាជ្យទម្ងន់ក្រោម១០០គីឡូក្រាមចូលទៅក្នុងទឹកទន្លេមេគង្គដើម្បីអភិរក្ស

ខេត្តកំពង់ចាម: ត្រីរាជ្យមួយក្បាលទៀតត្រូវបានប្រជានេសាទប្រើម៉ាញ់ ដែលមានកម្លាំងមនុស្សជាច្រើននាក់។ធ្វើការនេសាទអូសតាមដងទន្លេមេគង្គនៅចំណុចទីតាំងដែលមានអន្លង់ជ្រៅទឹកត្រជាក់ត្រីចូលចិត្តរស់នៅ។ជាមួយនោះត្រូវបានប្រលែងចូលទៅក្នុងទឹកទន្លេវិញនាព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៦ នៅចំណុចឃុំរកាគយ ស្រុកកងមាស ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញជលផល។ តាមដឹងត្រីនេះមានទម្ងន់ក្រោម១០០គីឡូក្រាម ជំនាញជលផលតែងតែអំពាវនាវដល់ប្រជានេសាទបាន
ត្រូវប្រគល់មកឱ្យជលផល។

លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានប្រាប់ឲ្យដឹងថា:
ស្របពេលរដូវបើកនេសាទគឺមានបងប្អូនខ្មែរឥស្លាម បានប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់មានម៉ាញ់
ប្រើទូកម៉ាស៊ីនអូសចាប់យកត្រីតូចធំដើម្បីលក់ដូរឱ្យបងប្អូនអាជីវករនៅតាមទីផ្សារនានាក្នុងខេត្តកំពង់ចាម។ជាក់ស្ដែងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែលបាននេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកនាយខណ្ឌជលផលបន្តឲ្យដឹងទៀតថា បន្ទាប់មកខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត។ ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលបានកំណត់ទិន្នន័យដូចខាងក្រោម៖
+ត្រីរាជ ភេទ ញី
+ប្រវែង ១៨៧ សង់ទីម៉ែត្រ
+ទម្ងន់សរុប ៧៨ គីឡូក្រាម
+ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦
+នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងខេត្តកំពង់ចាម។
ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងប្រជានេសាទបានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។
ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស។ បើគិតដើមឆ្នាំ ២០២៦ នេះការនេសាទត្រីរាជ្យមកដល់ពេលនេះបានចំនួន៣ក្បាលហើយ។ចំពោះអ្នកដែលនេសាទបានត្រូវបានក្រុមអភិរក្សលើកទឹកចិត្តជូនថវិកាមួយចំនួនដោយឡែកជំនាញជលផលខេត្តក៏បានផ្ដល់បានសរសើរដល់អ្នកនេសាទនោះផងដែរ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

×