Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ វិស័យព័ត៌មានបានបង្កើតភាពជាដៃគូ និងបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ថាប័នរដ្ឋ និងប្រជាជនបានកាន់តែជិតស្និទ្ធ និងផ្តល់ព័ត៌មានបានកាន់តែច្បាស់ពីភាពវិជ្ជមាន និងអវិជ្ជមាន ក្នុងសង្គម

ភ្នំពេញ​៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា វិស័យព័ត៌មានបានបង្កើតភាពជាដៃគូ និងបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ថាប័នរដ្ឋ និងប្រជាជនបានកាន់តែជិតស្និទ្ធ និងផ្តល់ព័ត៌មានបានកាន់តែច្បាស់ពីភាពវិជ្ជមាន និងអវិជ្ជមាន ក្នុងសង្គមក្នុងគោលបំណងកសាងកម្ពុជា ជាសង្គមមួយស្អាតស្អំ និងមានភម្លាភាព ក្នុងខណៈដែលរាជរដ្ឋាភិបាល កពុងជំរុញការកែទម្រង់លើគ្រប់វិស័យ។

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រសួងព័ត៌មាន បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតខ្លឹមសារ ចែកចាយព័ត៌មានអំពីសង្គមជាតិ និងបង្ហាញតថភាពសង្គម និងការអភិវឌ្ឍ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងនូវសមិទ្ធផលចម្បងៗដែលក្រសួងព័ត៌មានសម្រេចបាននៅក្នុងឆ្នាំ២០២៥ មានដូចជា៖ ការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវទិសដៅ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់រួមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានរៀបចំនូវផែនការសកម្មភាពរបស់ខ្លួនសម្រាប់សម្រួលដល់ការអនុវត្តជាក់ស្តែងតាមដំណាក់កាលនីមួយៗ ជាមួយនឹងសូចនាករ និងកាលបរិច្ឆេទជាក់លាក់ផងដែរ។

ឯកឧត្តម នេត្ត ភក្រ្តា បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មានកន្លងទៅនេះ ក្រសួងបានអនុវត្តន៍នូវកញ្ចប់ថវិកាកម្មវិធីដោយឡែកក្នុងឆ្នាំ២០២៥ ក្នុងការអនុវត្តផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការបណ្តុះបណ្តាលដោយប្រើកញ្ចប់ថវិកាជាតិ និងមានដៃគូសហការរៀបចំវគ្គបណ្តុះបណ្តាលទាំងក្នុងស្រុក និងក្រៅស្រុក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ការកសាងសមត្ថភាពទំនាក់ទំនងការបរទេសក្នុងជំនាញវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងបានចាប់ផ្តើមបណ្តុះបណ្តាលទស្សនការទូត និងជំនាញចចារ សម្រាប់ការងារកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌបច្ចេកទេស និងវគ្គបណ្តុះបណ្តាលស្តីពីតួនាទីអ្នកសារព័ត៌មានក្នុងការងារការទូត កិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ ការឈ្នះសមរភូមិសាធារណៈមតិ គឺជាការឈ្នះ នូវផ្នែកមួយនៃសតិអារម្មណ៍។ ដូច្នេះហើយបានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារនេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ភាគីថៃ ក៏បានធ្វើកិច្ចការងារសំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធា សមរភូមិច្បាប់ សម្រាប់កម្ពុជា គឺមានប្រៀប ក៏ប៉ុន្តែយើងសួរថាតើ ថៃ យល់ព្រមទៅតុលាការអន្តរជាតិឬអត់ ទៅ ICJ ឬ ICC ឬទេ គឺកន្លងមកគេបានបង្ហាញថា គេមិនទៅទេ ដែលជាចំណុចមួយ។ ឯកឧត្ដមបន្ដថា យើងនៅសល់ សមរភូមិចំនួនពីរ ដែលត្រូវរុញ គឺសមរភូមិព័ត៌មាន សាធារណៈមតិ និងសមរភូមិការទូត។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ សមរភូមិទាំងពីរនេះ គឹជាសមរភូមិប្រទាញប្រទង់គ្នា យើងអាចនិ យាយដូច្នេះ បើទោះបីជាប្រជាប្រទេសយើងតូច ធនធានយើងមានកម្រិត បើប្រៀបធៀបនឹងប្រទេសថៃហើយប្រទេសគេអត់មានសង្គ្រាម ហើយគេបានធ្វើការងារច្រើនក្នុងការងារការទូត និងព័ត៌មាន។ ក៏ប៉ុន្តែសម្រាប់យើង អ្នកទាំងអស់គ្នាអាចមើលឃើញថាមានភាពប្រទាញប្រទង់គ្នា ឬក៏ពេលខ្លះយើងមានប្រៀបជាងថៃ នៅលើឆាកអន្តរជាតិ លើផ្នែកការទូត និងព័ត៌មាន។ ក្នុងនោះភាពជោគជ័យរបស់យើងអន្តរជាតិមើលឃើញថាតើអ្នកណាជាជនរងគ្រោះពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ពិភពលោកបានឃើញច្បាស់ថា ថៃបានរំលោភបំពាន កម្ពុជា ហើយ កម្ពុជាជាជនរងគ្រោះ ហើយទម្រាំយើងយកបានពាក្យនេះ និងទម្រាំពិភពលោកទទួល ស្គាល់ថាយើងរងគ្រោះនោះ ការងារយើងបានធ្វើអ្វីខ្លះទាំងក្នុងក្របខ័ណ្ឌការទូត ច្បាប់ និងយោធា និងព័ត៌មាន។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងផងដែរថា ចំណុចនេះហើយដែលបង្ហាញពីការខិតខំប្រែងប្រែងរួមរបស់យើង ក្នុងការងារគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិ។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ ចំណុចនេះបានបង្ហាញឱ្យយើងឃើញច្បាស់ថា ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់យ៉ាងណា នៅពេលដែលប្រទេសជួបនឹងវិបត្តិ ។ ចំណុចនេះ យើងអាចនឹងឆ្លុះបញ្ចាំងខ្លួនឯងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំរបស់យើង ពិសេសនោះមន្ទីព័ត៌មាននៅជាប់ព្រំដែន រួមមាន ខេត្ដព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កោះកុង ហើយនិងខេត្ដសៀម រាប និងបណ្តាខេត្តដែលជាប់នឹងព្រំដែន ដែលបានសម្របសម្រួលឱ្យអ្នកសារព័ត៌មានបានចូលទៅដល់ទីតាំង ដើម្បីថតយកព័ត៌មានជាក់ស្តែងមកផ្សាយឱ្យប្រជាជនបានដឹង និងពិភពលោកបានស្គាល់ ដឹង និងឮ។

លោកជំទាវ សុខមុំ និមល អគ្គនាយិកានៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាបង្ហាញពីសមិទ្ធផលការងារសម្រេចបាននាឆ្នាំកន្លងទៅជូនដល់អង្គសន្និបាតក្រសួងព័ត៌មាននាថ្ងៃទី១។ អគ្គនាយកដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងនៅលើទស្សនាវដ្តី កាសែតកម្ពុជា តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម។ រូបភាពអំពីប្រទេសកម្ពុជា ជាពិសេសរូបភាពនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ការបាញ់ប្រហាររបស់យោធាថៃមកលើពលរដ្ឋស្លូតត្រង់កម្ពុជា និងទ្រព្យសម្បត្តិផ្ទះសម្បែង ការដោះលែងកងទ័ពទាំង១៨ រូប និងរូបភាពផ្សេងៗទៀតត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនានាយកទៅផ្សព្វផ្សាយនិងភ្ជាប់ជាមួយនូវ Photo credit AKP។ នេះជាមោទនភាពមួយសម្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិមួយនេះ។ អគ្គនាយកដ្ឋាននេះមានរូបភាពជាង ១៦០ ០០០ សន្លឹកដែលកើតចេញពីការស្កែនហ្វីលដែលបានថតតាំងពីឆ្នាំ១០៧៩ មក។

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បង្ហាញពីសមិទ្ធផលការងារនាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាននៅថ្ងៃទី១។ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍មានតួនាទីគ្រប់គ្រងបច្ចេកទេស និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។

លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មានធ្វើបទបង្ហាញពីសមិទ្ធផលការងារដែលសម្រេចបានក្នុងមុខងារគាំទ្រលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ធនធានមនុស្ស គោលនយោបាយ និងផែនការ ស្ថិតិ។ បច្ចុប្បន្ន ក្រសួងព័ត៌មានមានមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ២ ៧១៣ នាក់ ក្នុងនោះជាមន្ត្រីក្របខណ្ឌចំនួន ១ ៥២៥ និងគ្មានក្របខណ្ឌចំនួន ១១៨៨។ ក្រសួងព័ត៌មានបានរៀនចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×