Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឡាវ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនង “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។

នៅឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីកម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអំឡុងពេលដែលឯកឧត្តមបំពេញបេសកកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពី ការរួមចំណែកយ៉ាងដ៏សំខាន់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការពង្រឹងទំនាក់ទំនង “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កម្ពុជា-ឡាវ តាមរយៈការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរាជទូតថ្មី។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ព្រមទាំងមានកិត្តិយស និងមោទនភាពដែលបានមក បំពេញការងារការទូតនៅកម្ពុជារយៈពេល៤ឆ្នាំមកនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីពីភាពជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៦ ដោយបានអនុម័តកម្មវិធីនយោបាយបក្ស និងផែនការសេដ្ឋកិច្ច រយៈពេល៥ឆ្នាំរបស់ស.ប.ប.ឡាវ។

ដោយឆ្នាំ២០២៦ នេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង ដើម្បីអបអរខួបនេះ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណា នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជានានា ដែលបានផ្តល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់ឯកឧត្តម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតជោគជ័យក្នុងការបំពេញភារកិច្ចថ្មី និងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មី ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×