ខេត្តកំពង់ចាម: រថយន្តស៊េរីទំនើបម៉ាក lexus 400 មួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុករោងជាងជួសជុលម៉ូតូនិងបុកស្ត្រីចំណាស់ម្នាក់កំពុងអាំងសាច់ក្លែមលក់បណ្ដាយឲ្យស្លាប់ ព្រមទាំងបានបង្កអគ្គីភ័យឆេះរថយន្តនិងរោងសជុលម៉ូតូខ្ទេច។ហេតុការណ៍នេះបានកើតឡើងនៅចំណុចឃុំផ្អាវ ស្រុកបាធាយ។ អ្នករងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួមទាំងអ្នកបើកបររថយន្តផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី២៤មករាថា: មុនហេតុការណ៍កើតឡើងគឺរថយន្តស៊េរីទំនើបមួយគ្រឿងនេះបានបើកចេញពីផ្សារផ្អាវ ក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួននៅបាធាយ តែពុំទាន់ដល់ផ្ទះផងក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវដោយបុកគេឲ្យរងរបួសនិងស្លាប់ព្រមទាំងក្លាយជាអគ្គីភ័យឆេះទាំងរថយន្តសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលម៉ោង ៦និង៤០នាទីល្ងាចថ្ងៃទី២៣មករាឆ្នាំ ២០២៦ លើផ្លូវជាតិលេខ៦ ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ដបុកម៉ូតូ និងអ្នកថ្មើរជើងដែលកំពុងឈរនៅក្នុងផ្ទះ ។ ដោយរថយន្ដ ០១គ្រឿង ម៉ាកLEXUS RX400H ពណ៌ផ្សែងបារី ពាក់ផ្លាកលេខ រដ្ឋ10 2-9559 បើកបរដោយឈ្មោះ តាវ ស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JJ-2811 បើកបរដោយឈ្មោះ នៅ ជាតិ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មិនពាក់មួកសុវត្ថិភាព ទិសដៅពីត្បូងទៅជើង បញ្រ្ចាសទិសគ្នា ហើយរថយន្ដមិនទាន់អស់ល្បឿនក៏បន្ដទៅចូលផ្ទះប្រជាពលរដ្ឋនៅខាងកើតផ្លូវ ហើយបានបុកម្ចាស់ផ្ទះ ០២នាក់(ជាប្ដី ប្រពន្ធ) ១/-ឈ្មោះ ខុន វ៉ាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ ២/-ឈ្មោះ អ៊ន ចម្រើន ភេទស្រី អាយុ ៤៩ឆ្នាំ ជាតិខ្មែរ ទាំង ០២នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដែលកំពុងឈរនៅក្នុងផ្ទះ ។ ក្រោយពេលកើតហេតុ ក៏បណ្ដាលឱ្យមានអគ្គីភ័យកើតឡើង ដោយឆាបឆេះផ្ទះ ០១ខ្នង ដែលរថយន្ដបានរ៉េចង្កូតចូលនោះ ។
មូលហេតុ: អ្នកបើកបររថយន្ដប្រើប្រាស់ល្បឿន បានរ៉េចង្កូតទៅបុកម៉ូតូដែលកំពុងធ្វើដំណើរនៅស្ដាំដៃ ហើយរថយន្ដមិនទាន់អស់ល្បឿនក៏បន្ដទៅបុកអ្នកថ្មើរជើង ០២នាក់ ដែលកំពុងឈរនៅក្នុងផ្ទះ ។ ករណីនេះបណ្ដាលឱ្យ ស្លាប់មនុស្ស ០១នាក់ស្រី ឈ្មោះ អ៊ន ចម្រើន អ្នកថ្មើរជើងឈរនៅក្នុងផ្ទះ (ជាម្ចាស់ផ្ទះ) ។ របួសមនុស្សធ្ងន់ ០១នាក់ប្រុស ឈ្មោះ នី ជាតិ (អ្នកបើបរម៉ូតូ) ។
របួសមនុស្សស្រាល ០១នាក់ប្រុស ឈ្មោះ ខុន វ៉ាន់ អ្នកថ្មើរជើងឈរក្នុងផ្ទះ (ជាម្ចាស់ផ្ទះ) ។ របួសអ្នកបើកបររថយន្ដឈ្មោះ តាវ ស៊ីថា ភេទប្រុស កំពុងតាមដានស្ថានភាពរបួសនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។
ឆេះផ្ទះ០១ខ្នង(ដំបូលនិងជញ្ជាំងស័ង្កសី) ។ ខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិទាំងស្រុងនៅក្នុងផ្ទះ ។
ឆេះរថយន្ដអស់ទាំងស្រុង ០១គ្រឿង និង ខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ ។ វត្ថុតាងពាក់ព័ន្ធបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីដោះស្រាយតាមច្បាប់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












