Monday, January 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានចប់បេសកកម្មជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែង នូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតឡាវសាជាថ្មីនៅពេលនេះ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងឡាវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជាគឺជាផ្ទះទី២ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេល៤ ឆ្នាំកន្លងទៅនេះ ឯកឧត្តមមានអនុស្សាវរីយ៍ជាច្រើនជាមួយប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាពិសេសក្នុងពេលឯកឧត្តមបំពេញបេសកកម្មនេះ បានពង្រីកទំនាក់ទំនងកម្ពុជា និងឡាវឱ្យមានភាពរីកចម្រើន ល្អប្រសើរ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ ហើយពេញចិត្តនឹងអ្វីដែលឯកឧត្តមបានលើកឡើងនៅពេលនេះ ជាពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មានន័យថានយោបាយ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×