កំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៨ខែមករានេះ បានថ្លែងឲ្យដឹងថា សូមអរគុណចំពោះការផ្តល់ព័ត៌មាន ខ្ញុំសូមបញ្ជាក់ជូនបន្ថែមអំពីករណីហិង្សាខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មានអំពីការប្រើហិង្សាក្នុងគ្រួសារ ក៏ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បងស្រីដែលជាជនរងគ្រោះ បានសំណូមពរមកកាន់សមត្ថកិច្ចថា គ្រាន់តែសុំអោយធ្វើការអប់រំបានហើយ ក៏ប៉ុន្តែនៅពេលសមត្ថកិច្ចបានត្រលប់ទៅវិញ គាត់បែរជាហៅអ្នកការសែតមកធ្វើការ Live និងចោទប្រកាន់មកសមត្ថកិច្ចថាមិនមានចំណាត់ការជូនគាត់ទៅវិញ ! ជាក់ស្តែងនៅពេលសមត្ថកិច្ចចុះទៅអញ្ជើញប្តីរបស់គាត់មកកាន់អធិការស្រុកបន្ទាយមាស ក៏គាត់បន្តមកតាម ហើយមិនព្រមដាក់បណ្តឹងចំពោះប្តីគាត់នោះដែរ ។
លោកស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា ចំពោះករណីនេះទោះជាប្រពន្ធមិនព្រមដាក់បណ្តឹងក៏សមត្ថកិច្ចយើងខ្ញុំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ ។
ករណីនេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះសុំ ពិសី អាយុ៤៧ឆ្នាំ រស់នៅភូមិជុំ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខាងកើត ខេត្តកំពត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ស្ថិតនៅភូមិជុំ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខាងកើត ខេត្តកំពត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




