ត្បូងឃ្មុំ៖ ដើម្បីលើកកម្ពស់សុខមាលភាពកុមារដែលកំពុងសិក្សានៅតាមសាលារដ្ឋនោះ ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយ មូលនិធិថែទាំភ្នែក (Eye Care Foundation) បានរៀបចំកម្មវិធីចុះពិនិត្យ ផ្តល់សេវាព្យាបាលភ្នែកនៅសាលាបឋមសិក្សា អង្គនារាម ស្ថិតនៅភូមិស្រែសៀម ឃុំជីរោរ៍ទី២ ស្រុកត្បូងឃ្មុំ ដែលដឹកនាំដោយ លោក ឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និង លោកស្រី Sascha Bogerd សមាជិកគណ:កម្មការនាយក នៃ Eye Care Foundation, Netherlands (ហូឡង់)ក្នុងសកម្មភាពមនុស្សធម៌ដោយឥតគិតថ្លៃ។
បើតាមការឱ្យដឹងពី លោកឱសថការី ផុល ពន្លឺ បញ្ជាក់ថា: នេះគឺជាលើកទីមួយហើយ ដែលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងមូលនិធិថែទាំភ្នែក (Eye Care Foundation) បានធ្វើការរៀបចំនៅការចុះពិនិត្យព្យាបាលភ្នែកដល់សិស្សានុសិស្សតាមសាលារៀនគោលដៅក្នុងខេត្តត្បូងឃ្មុំនេះ។
លោកឱសថការីបានបន្ថែមថា ការពិនិត្យ ថែទាំ និង ព្យាបាលភ្នែក ដល់កុមារនេះ គឺជាលើកទីមួយក្នុងឆ្នាំ២០២៦ ប៉ុន្តែយើងនឹងមានគោលដៅក្នុងការពិនិត្យ ថែទាំ ព្យាបាលភ្នែកដល់កុមារ និងសិស្សានុសិស្សនេះគ្រប់គោលដៅសាលាទាំងអស់នៅឆ្នាំបន្តបន្ទាប់ទៀត។
លោកស្រី Sascha Bogerd សមាជិកគណ:កម្មការនាយក នៃ Eye Care Foundation បានបង្ហាញនៅចំណាប់អារម្មណ៍រំភើបរីករាយក្នុងឱកាសដែលលោកស្រីបានចុះមកដល់មូលដ្ឋានសាលារៀន ព្រមទាំងបានជួយដល់កុមារឱ្យទទួលបានសេវាថែទាំ និងព្យាបាលភ្នែកនេះ។
លោកស្រីបន្តថា Eye Care Foundation គឺជាមូនិធិថែទាំភ្នែក ដែលយើងមានមូលដ្ឋានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយគោលដៅរបស់ពួកយើងគឺជួយដល់ប្រជាជនកម្ពុជាឱ្យទទួលបានកែវភ្នែកល្អផងដែរ។ ទោះបីជាការចុះពិនិត្យ ថែទាំ ព្យាបាលភ្នែកដល់កុមារនេះជាលើកទីមួយមែន តែលោកស្រីសង្ឃឹមថា និងដំណើរការល្អហើយពួកយើងនឹងអនុវត្តកិច្ចការងារនេះតាមសាលាគោលទាំងអស់ក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់បន្ថែមថា៖ ក្នុងការពិនិត្យ ថែទាំ និងព្យាបាលភ្នែកដល់កុមារនៅសាលាបឋមសិក្សាអង្គនារាមនេះ មានសិស្សសរុបប្រមាណ ៦៧៨នាក់ ដែលបានពិនិត្យសុខភាពភ្នែក ព្រមទាំងមានកុមារមួយចំនួនដែលមានបញ្ហាភ្នែកត្រូវបានវេជ្ជបណ្ឌិតនៃមន្ទីរសុខាភិបាលខេត្តធ្វើការព្យាបាល និងផ្តល់ជូនវ៉ែនតាការពារភ្នែកផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














