ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧:០០នាទី ត្រង់ចំណុចទីតាំងលាងរថយន្ត(ប៊្រីលាន) ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រំាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មាន ករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យឈ្មោះ ចក់ ឆៃឡាយ បានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោកាប់ ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង។
មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករលាងរថយន្តផ្សេងទៀត បាននាំគ្នារងចំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ ស្រាប់តែជនសង្ស័យមកក្រោយគេ បានចូលងូតទឹកមុនក៏បង្កឱ្យទាស់សម្តីគ្នា បន្ទាប់ពីជនសង្ស័យ និងជនរងគ្រោះងូតទឹករួច ជនសង្ស័យបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេក ពេលជនរងគ្រោះចេញពីបន្ទប់មក ជនសង្ស័យបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត រហូតធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង ភ្លាមនោះ ក្រុមកម្មករលាងរថយន្ត ក៏បាននាំគ្នាជួយឃាត់ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកឯជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលដឹកនាំផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបន្តស្រាវជ្រាវ ដោយបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកងមាស សមត្ថកិច្ច បានស្រាវជ្រាវចាប់ជនសង្ស័យបាន ត្រង់ចំណុច ភូមិតំណាក់ជ្រៃ ភូមិពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាម(របួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង)។
អត្តសញ្ញាណជនសង្ស័យ៖ជនសង្ស័យឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
វត្ថុតាងចាប់យក៖កំបិតបុ័ងតោដងដែក ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់បង្ករបួសស្នាម) បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី










