ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជម្រុញអោយអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។
កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាព កាលពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី











