ប្រទេសម៉ុងតេណេហ្គ្រោ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភាប្រទេសម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង។
នៅក្នុងបទអន្តរាគមន៍ចំពោះមុខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅនេះ៖
- ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះកាន់តែគួរឱ្យព្រួយបារម្ភ ដោយសារតែគោលការណ៍ និងលិខិតុបករណ៍អន្តរជាតិដែលមានស្រាប់បង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។
- ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារអស់ទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ ហើយដែលបានកំណត់យ៉ាងច្បាស់លាស់អំពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
- លើសពីនេះ យន្តការរួមត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងភាពតានតឹងនៅលើទីតាំងផ្ទាល់រួមមាន៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលផ្តោតលើការសម្របសម្រួល និងបង្ការឧប្បត្តិហេតុនានា និងគណៈកម្មការចម្រុះព្រំដែន (JBC) ទទួលបន្ទុកទិដ្ឋភាពបច្ចេកទេសនៃការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដោយមានបញ្ជាក់ពីនីតិវិធីនៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅក្នុងតំបន់ព្រំដែន។
- ទោះបីជាមានយន្តការទាំងនេះក៏ដោយ ក៏ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះនៅតែមានកម្រិតខ្ពស់។ មូលហេតុគឺដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលបានរៀបរាប់ខាងលើ ព្រមទាំងការព្យាយាមជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីដែលរៀបចំឡើងជាឯកតោភាគីដោយភាគីថៃ ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ ការងាកចេញពីក្របខណ្ឌនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ក្នុងកំឡុងពេលនៃប្រតិបត្តិការយោធា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
- ដោយមិនគោរពតាមកិច្ចព្រមព្រៀងនេះ កងទ័ពថៃបានបន្តលុកលុយចូលក្នុងទឹកដីកម្ពុជារហូតដល់សាងសង់ឧបសគ្គផ្សេងៗ រួមមាន ខ្សែលួសបន្លា និងទូរកុងតឺន័រ រារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល និងធ្វើឱ្យការជម្លៀសប្រជាជនជាច្រើននៅតែបន្តអូសបន្លាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺអំពើអស់ទាំងនេះបានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រងត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួនដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលនេះបង្កើតឱ្យមានជាការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ឯកឧត្តមបានបន្ថែមថា៖
- លើសពីសោកនាដកម្មមនុស្សជាតិ ព្រលឹងវប្បធម៌កម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ប្រទេសជាតិយើងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដល់ទីតាំង និងរូបសំណាកបេតិកភណ្ឌនានា។ រូបសំណាកព្រះវិស្ណុ និងទីតាំងបុរាណជាច្រើន រួមទាំងប្រាសាទព្រះវិហារ ដែលជានិមិត្តរូបសកលនៃសន្តិភាព និងទេពកោសល្យរបស់មនុស្សជាតិដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ត្រូវបានរងការប៉ះពាល់ ។
- ការខូចខាតទាំងនេះមិនត្រឹមតែជាការបាត់បង់ក្នុងកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ករបួសស្នាមដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។ ការវាយប្រហារលើបេតិកភណ្ឌវប្បធម៌ គឺជាការធ្វើឱ្យរង្គោះរង្គើដល់ការចងចាំជាច្រើនសតវត្ស អត្តសញ្ញាណនៃប្រជាជាតិមួយ និងជាទ្រព្យសម្បត្តិដែលយើងមានកាតព្វកិច្ចរួមគ្នាក្នុងការផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង បានសង្កត់ធ្ងន់ថា៖
- សកម្មភាពបែបនេះ គឺជាទង្វើផ្ទុយនឹងគោលការណ៍មូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋទាំងអស់ ការគោរពបូរណភាពទឹកដី និងការមិនប្រើប្រាស់ ឬគំរាមកំហែងដោយកម្លាំង។ ហេតុដូច្នេះ សំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថា៖ តើយើងកំពុងមើលឃើញនូវការកើតមានឡើងនូវអ្វីដែលហៅថា «សណ្តាប់ធ្នាប់ថ្មី» ដែលច្បាប់កំណត់ដោយអ្នកខ្លាំង ឬការកើតឡើងវិញនៃនយោបាយបង្ខំឱ្យទទួលយកស្ថានភាពដែលបានបង្កើតរួច ដែលជាសំណល់ដ៏សោកសៅនៃបទបញ្ជាផ្អែកលើ «ការបង្ខិតបង្ខំ ជាជាងផ្អែកលើច្បាប់»?
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវចំពោះសភាប្រើភាសាបារាំង តាមរយៈការទូតសភា ចូលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានអះអាងថា ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មី នៅចំពោះមុខសភាប្រើភាសាបារាំងនូវគោលការណ៍គ្រឹះ មិនប្រើប្រាស់កម្លាំងទ័ព ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ជម្រុញឱ្យមានការគោរពបទឈប់បាញ់ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់យន្តការដែលមានស្រាប់ ប្រកបដោយសន្តិវិធី និងការសន្ទនានៅក្នុងស្មារតីទទួលខុសត្រូវ ភាពអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ។
ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញនូវសាមគ្គីភាពចំពោះបទអន្តរាគមន៍របស់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីអរិយភាពរវាងកម្ពុជា និងថៃ នៅក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារំាង (APF) ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ APF ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕រក្សាសិទ្ធដោយ៖សុទ្ធលី





