Friday, February 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជា​ព្រះរាជ​តំណាង​ដ៏ខ្ពង់​ខ្ពស់​ព្រះ​មហា​ក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្តរដ្ឋវៀតណាម មក​បំពេញ​ទស្សន​កិច្ចផ្លូវ​រដ្ឋ​នៅ​កម្ពុជា

ភ្នំពេញ ៖ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសវនាការផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។

ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×