Friday, February 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ជនបរទេស និងស្ត្រី ជនជាតិខ្មែរ ចំនួន ២នាក់ ពាក់ព័ន្ធករណី ញុះញង់ឱ្យមានការរើសអើង និងការឈ្លោះ ប្រកែកជាមួយ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណី “ប្រាក់ពីរលានរៀល

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងអ្នករាជការសាធារណៈមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចគោលដៅចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លើផ្លូវ ២៨មិថុនា (ផ្លូវ ដើមលម៉ី) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី២ ឈានចូលថ្ងៃ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ដើមហេតុនៃករណីនេះ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ ជាតិស្រវឹង នៅចំណុចកើតហេតុខាងលើ ។ អំឡុងពេលនៃការបំពេញតួនាទីភារកិច្ច សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងណែនាំដល់អ្នកប្រើប្រាស់មធ្យោបាយយានយន្ត និងម៉ូតូដែលធ្វើចរាចរណ៍លើ ដងផ្លូវជាច្រើនគ្រឿង ។ ក្នុងនោះក៏មានរថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិន ឈ្មោះ CHANG YANAN សង្ស័យបើកបរស្ថិតក្នុងភាពស្រវឹង ក៏ត្រូវ បានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ដើម្បីត្រួតពិនិត្យជាតិអាល់កុលក្នុងខ្លួនអ្នកបើកបរ ហើយ ជាលទ្ធផល ឃើញមានកម្រិតជាតិអាល់កុលក្នុងខ្លួន ចំនួន ០,៦៨mg/L (សូន្យក្បៀសហុកសិបប្រាំបី មីលីក្រាមក្នុង មួយលីត្រខ្យល់) ទើបត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ឱ្យនៅហ្នឹងកន្លែងសិន រង់ចាំពេលស្វាង ស្រវឹង ទើបសមត្ថកិច្ចឱ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយអ្នកបើកបរនឹងត្រូវទទួលពិន័យអន្តរការណ៍ចំពោះការ បើកបរយានយន្តស្ថិតក្នុងភាពស្រវឹងក្នុងអត្រាជាតិអាល់កុលខ្ពស់នេះ ចំនួន ២.០០០.០០០ (ពីរលាន) រៀល និង ដកពិន្ទុលើបណ្ណបើកបរ ចំនួន ៦ពិន្ទុ ហើយសាមីខ្លួននឹងត្រូវបង់ពិន័យតាមបង្កាន់ដៃពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ នៅមុន ឬត្រឹមពេលកំណត់ យោងតាមមាត្រា ១០ថ្មី នៃអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លុះបន្តិចក្រោយមក ឈានចូលថ្ងៃទី៣ ខែឆ្នាំដដែល ស្រាប់តែមានស្ត្រី ជនជាតិខ្មែរ ចំនួន ២នាក់ បានទៅ ដល់ចំណុចគោលដៅត្រួតពិនិត្យខាងលើនេះដែរ, ពេលនោះស្ត្រី ១នាក់ ឈ្មោះ នេត ស្រីពៅ បានមានការឈ្លោះ ប្រកែកជាមួយ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណី “ប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល
ដោយស្ត្រីរូបនោះចង់ឱ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ទទួលយកប្រាក់ពិន័យអន្តរការណ៍ចំនួន ២.០០០.០០០ (ពីរលាន) រៀល និងស្នើឱ្យត្រូវចេញវិក័យបត្រ (បង្កាន់ដៃពិន័យ) ភ្លាមៗនាពេលនោះ ដើម្បីអាចយករថយន្ត និង អ្នកបើកបរត្រឡប់ទៅវិញ ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមិនព្រមអនុវត្តតាម ដោយហេតុថា យោងតាម ស្មារតីនៃអនុក្រឹត្យខាងលើ ក្នុងករណីល្មើសនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបញ្ឈប់មិនឱ្យបន្តដំណើរ ទៅមុខទៀតទេ ហើយបន្តអនុវត្តនីតិវិធីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ។ បន្ទាប់មកស្ត្រីរូបនោះ និង អ្នកបើកបររថយន្ត ក៏បានធ្វើសកម្មភាព ថតវីដេអូរ ស្រែកឡូឡា និងជេរប្រមាថមាក់ងាយ ទៅលើកម្លាំងសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅត្រួតពិនិត្យខាងលើ (ដូចមានក្នុងឃ្លីបវីដេអូរ ដែលត្រូវបានបង្ហោះ ផ្សព្វផ្សាយ និងចែកចាយនៅលើបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើន) ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីនគរបាលជាតិ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ និងបញ្ជារបស់អាជ្ញាធរសាធារណៈ ។

ក្រោយពេលកើតហេតុ ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានធ្វើ ការឃាត់ខ្លួន បុរសជនជាតិចិន ឈ្មោះ CHANG YANAN (ជាអ្នកបើកបររថយន្ត) និងស្ត្រីឈ្មោះ នេត ស្រីពៅ (ត្រូវជាប្រពន្ធរបស់អ្នកបើកបរ) បន្ទាប់ពីសមត្ថកិច្ចជំនាញ បានរកឃើញមានតម្រុយនៃអំពើ និងសកម្មភាពរបស់អ្នក ទាំងពីរ ជាបទល្មើសព្រហ្មទណ្ឌ ដែលជាការធ្វើឡើងប្រឆាំងនឹងអ្នករាជការសាធារណៈដែលកំពុងធ្វើសកម្មភាព ដើម្បីអនុវត្តច្បាប់ និងបញ្ជារបស់អាជ្ញាធរសាធារណៈ ហើយការបង្ហោះផ្សព្វផ្សាយពាសពេញបណ្តាញប្រព័ន្ធទំនាក់ ទំនងសង្គមនេះ គឺជាអំពើញុះញង់ដោយផ្ទាល់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីនគរបាលជាតិ ។

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើឈ្មោះ នេត ស្រីពៅ និង ឈ្មោះ CHANG YANAN ពីបទ ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាន ទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៩៦ និងមាត្រា ៥០៤ ចំណុច ១ នៃក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១២៨ អ.យ.ឆ/២៦ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×