ទីក្រុងហូជីមិញវៀតណាម៖ ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន៣០នាក់ មកពីក្រសួងព័ត៌មាន ត្រូវបានអញ្ចើញអោយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញសសេរព័ត៌មានរយៈពេលខ្លី នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ដើម្បីពង្រឹងជំនាញសរសេរព័ត៌មាន ក្នុងក្របខណ្ឌ័ប្រទេសជាសមាជិកអាស៊ាន។
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះដែរ លោក ង្វៀន វ៉ាន់ហ៊ីវ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និង ផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា គោលបំណងនៃការបង្កើតវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា វៀតណាម និងក្នុងន័យចូលរួមផ្លាស់ប្តូរ នូវបទពិសោធន៍ នៃការសរសេរព័ត៌មាន របស់អ្នកកាសែតកម្ពុជា និងវៀតណាម ឲ្យកាន់តែប្រសើរថែមទៀតនាថ្ងៃខាងមុខ។
លោក ង្វៀន វ៉ាន់ហ៊ីវ ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនវ គឺជាលើកទី២ ក្រោយប្រទេសទាំងពីរបានចុះអ៊ឹមអូយូ (MOU) ជាមួយគ្នាកាលពីឆ្នាំ ២០១៦ ក្នុងន័យគោលបំណងរួមគ្នាពង្រឹងជំនាញសារព័ត៌មានឲ្យបានរលូនថែមទៀត។ លោកថា វគ្គបណ្ដុះបណ្ដាលលើកនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក ង្វៀន វ៉ាន់ហ៊ីវ មានជំនឿថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ អ្នកសារព័ត៌មាន របស់ក្រសួងព័ត៌មានប្រទេសកម្ពុជា នឹងមានសមត្ថភាពច្រើនថែមទៀត ក្នុងការសរសេរ និងរាយការណ៍ព័ត៌មាន ពីព្រឹត្ថិការណ៍ផ្សេងៗមានភាពល្អប្រសើរជាងពេលមុន ដែលនឹងអាចឈាន ទៅបំរើបាននូវប្រយោជន៍ជាសាធារណៈ និងផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ឲ្យមានទំនុកចិត្តកាន់តែច្រើនថែមទៀត។
នាឱកាសនោះដែរ លោក ងឿន ច័ន្ទលីន ប៉ូឡែន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានសហភាពសហព័ន្ធយុវជនវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន ក៏បានចាត់ទុកវគ្គបណ្ដុះបណ្ដាលខាងលើនេះ ថានឹងអាចផ្ដល់ជាអត្ថប្រយោជន៍ថ្មីមួយទៀត សម្រាប់បង្កើននូវចំណេះដឹងវិជ្ជាជីវៈសារព័ត៌មាន ក្នុងសម័យទំនើបបច្ចុប្បន្ន ជាពិសេសពីរបៀប នៃការសរសេរនូវអត្ថបទព័ត៌មាន បានលឿនឆាប់រហ័ស និងមានភាពល្អប្រសើរថែមទៀត។
លោកឲ្យដឹងដែរថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីក្រសួងព័ត៌មានទូទាំងរាជធានី-ខេត្ត សរុបចំនួន៣០រូប ក្នុងនោះថ្នាក់ជាតិមានចំនួន ២១រូប និងថ្នាក់ក្រោមជាតិមានចំនួន៩រូប។
ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ក្នុងការពង្រឹងជំនាញសរសេរព័ត៌មាន រវាងប្រទេសទាំងពីររយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០៕ ដោយ ៖ ដែនសីមា