Monday, February 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធរក្រុងស្រុក រៀបចំទីតាំងអភិរក្សជីវចំរុះ និងព្រមានចាត់វិធានការតឹងរឹងចំពោះអ្នកប្រើឧបករណ៍ល្មើសគ្រប់ប្រភេទ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុង ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចំរុះឱ្យបានយ៉ាងតិចមួយកន្លែងដើម្បីបង្កើនធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះជនទាំងឡាយណាដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទ។ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្ត ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលសំបូរទៅដោយអាងទឹកធំៗ ប៉ុន្តែមិនសំបូរនូវធនធានជលផលនោះទេ និយាយជារួមគឺជីវចំរុះ។ទាំងនេះគឺបណ្តាលមកពីការគ្រប់គ្រងរបស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិនអើពើឬក៏ចាត់វិធានការក្តៅចំពោះជនល្មើសដែលតែងប្រើប្រាស់ឧបករណ៍ហាមឃាត់គ្រប់ប្រភេទពិសេសគឺឧបករណ៍ឆក់។

លោកថា ដោយកត្តាអំណោយផលដែលខេត្តនេះសំបូរទៅដោយអាងស្តុកទឹកធំៗដែលអាចជាជម្រកនូវជីវចំរុះអាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវតែរៀបចំទីតាំងភូមិសាស្ត្រអាងណាមួយក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចំរុះចូលទៅក្នុងអាងនោះដើម្បីពង្រីកពួជធាឱ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះគឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ីនិងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយនិងការណែនាំនោះ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងបន្ថែមថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផលក្រោយការរៀបចំនិងព្រលែងពួជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍និងកន្លែងអភិរក្សដោយសហការ ជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុតចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់នៅពេលដែលចាប់ខ្លួនបាន ធ្វើយ៉ាងនេះដើម្បីឱ្យជនល្មើសមានការរៀងចាលនិងរក្សាបាននូវនិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×