Tuesday, February 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយករដ្ឋមន្ត្រី ៖​ ការពង្រឹងវិស័យអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា លទ្ធផលសិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា​ ការពង្រឹងវិស័យអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដព្រមទាំងសីលធម៌ គុណធម៌ ទាំងមានសិការស្នេហាជាតិ ជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងបច្ចេកទេសដល់យុវជន សំដៅថា «យុវជនម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

សម្ដេចបវរធិបតី បានថ្លែងថាកម្ពុជាបានអភិវឌ្ឍខ្លួនតាំងពីមានអ្នកចេះដឹងក្នុងចំនួនតិចតួចបំផុត នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដែលជាដំណាក់កាលអនុវត្តកម្មវិធី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកអត់ចេះ» រហូតឈានដល់បង្កើតបានជាប្រព័ន្ធ ដែលមានស្តង់ដានៅគ្រប់កម្រិត នៃការអប់រំបណ្តុះបណ្តាល។

បន្ថែមពីនេះ សម្ដេច បានបន្តថា សមិទ្ធផលនាពេលនេះ រួមទាំងការផលិតបាននូវសិស្សជាប់និទ្ទេស A រាប់ពាន់នាក់នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នា, ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និង ការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានមូលធនមនុស្សគ្រប់គ្រាន់ សម្រាប់ឆ្លើយតបនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០។

ដើម្បីចូលរួមជំរុញ ការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេស A, សម្ដេចបវរធិបតី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត ដូចខាងក្រោម៖

១៖ ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា, ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ

២៖ ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

៣៖ ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត, ព្រមទាំង ផ្តួចផ្តើមនូវអន្តរាគមន៍នានា ដើម្បីបំពាក់បំប៉នបន្ថែមដល់សិស្សពូកែឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ

៤៖ ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០

៥៖ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ជាមួយនេះ, ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារបានសិក្សាយ៉ាងតិច ៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ៕រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×