ខេត្តកំពង់ចាម: គ្រោះធម្មជាតិតែងតែកើតឡើងនៅរដូវទឹកទន្លេឡើងនិងស្រកបណ្ដាលឱ្យបាក់សួនច្បារច្រាំងទន្លេដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម គឺបាក់ស្រុតចូលទៅក្នុងទឹកទន្លេដែលមានបណ្ដោយប្រមាណជិត១០០ម៉ែត្រ។ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រមទាំងក្រុមបច្ចេកទេសបានអញ្ជើញចុះពិនិត្យមើលសកម្មភាពការស្ថាបនាច្រាំងទន្លេដោយធ្វើឡើងនាព្រឹកថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះត្រូវបានពង្រីកចាក់ដីបន្ថែមមានលក្ខណៈធំទូលាយងាយស្រួលពលរដ្ឋធ្វើដំណើរទៅវិញទៅមក ប្រែក្លាយជាកន្លែងទេសចរណ៍ ដែលអាចទាក់ទាញពលរដ្ឋមកពីគ្រប់ទិសទី។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ចំពោះទីតាំងដែលមានសួនច្បាររួមនិងខឿនបេតុងច្រាំងទន្លេដែលបានបាក់នៅក្រោយអតីតសាលាសង្កាត់កំពង់ចាម គឺតាមរយៈក្រុមជំនាញបច្ចេកទេសរបស់ក្រសួងធនធានទឹក ពិនិត្យឃើញថាកន្លែងបាក់នេះគឺមានចរន្តទឹកហូរគួចមានអន្លង់ជ្រៅទើបជាហេតុបណ្ដាលឲ្យបាក់នាកណ្ដាលអាធ្រាតកន្លងទៅថ្មីៗ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមរូបលោកក៏បានប្រញាប់ចុះពិនិត្យរួមជាមួយមន្ត្រីជំនាញធនធានទឹកដើម្បីមានវិធានការអន្តរាគមន៍ស្ថាបនាជាបន្ទាន់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា ចំពោះទីតាំងដែលបាក់ស្រុតច្រាំងទន្លេនេះគឺរដ្ឋបាលខេត្តបានឱ្យកម្លាំងសមត្ថកិច្ចយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នឹងបានដាក់បារ៉ាសមិនឱ្យមានការធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្នល់មាត់ទន្លេ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ កុម្ភៈឆ្នាំ២០២៦ រូបលោករួមទាំងមន្ត្រីមួយចំនួនបានអញ្ជើញចុះពិនិត្យទីតាំងបាក់ស្រុត នៅមាត់ទន្លេក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ឯកឧត្តមថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹករួមទាំងក្រុមបច្ចេកទេស ក្នុងជំហានដំបូងបានបូមខ្សាច់ដាក់ក្នុងថង់ធំៗ ដើម្បីទប់ជើងទេខាងក្រោមកុំឲ្យបាក់បន្តទៀត។
ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកំពង់ចាមជាមួយនឹងក្រសួងធនធានទឹកគឺបានអភិវឌ្ឍន៍កន្លែងបាក់ច្រាំងនេះឲ្យធំជាងមុនគឺពង្រីកចាក់ដីបង្កើតសួន
តេជោធិបតីដែលមានទំហំប្រមាណ៣ ហិកតា ហើយច្រាំងទន្លេដែលព្យួសជុលថ្មីគឺចាប់ពីចំណុចស្ថានីយ៍បូមទឹករបស់រដ្ឋាករខេត្តទៅត្រង់ដល់កំពុងរង់ចាំដើម្បីឲ្យខ្សែទឹករត់ត្រង់។ ជាមួយនោះមានកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម អាចហាត់ប្រាណ ព្រមទាំងបង្កើតជាសួនបៃតងទេសចរណ៍ស្រស់ស្អាតសម្រាប់ទាក់ទាញមនុស្សក្នុងខេត្តនិងក្រៅខេត្តមកកម្សាន្តលេងនៅក្រុងកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ថា លើកនេះក្រុមជំនាញវិស្វករនៃក្រសួងធនធានទឹកមានការសិក្សាល្អិតល្អន់ហើយឌីហ្សាញក្នុងការស្ថាបនាច្រាំងទន្លេនេះឲ្យបានជាប់ល្អមានគុណភាពនិងប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។ ជាមួយនោះមិនឱ្យមានខ្សែទឹកហូរគួចដូចកាលពីមុនទៀតទេ
ដើម្បីធានាបាននៅសុវត្ថិភាព។
តាមប្រភពក្រៅផ្លូវការបានឲ្យដឹងដែរថាការស្ថាបនាច្រាំងទន្លេថ្មីនេះគ្រោងនិងចំណាយថវិកាប្រមាណលើស១០លានដុល្លារប្រែក្លាយទៅជាសួនច្បារស្រស់ស្អាតគួរឱ្យគយគន់។ សំណង់ច្រាំងបាក់នេះត្រូវបានសាងសង់នៅក្នុងអំឡុងឆ្នាំ២០១២មកដល់សព្វថ្ងៃគឺមានរយៈពេលជាង១៤ឆ្នាំនេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

















