សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបគម្រប់ ៣ឆ្នាំ របស់ក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានរៀបចំនៅសណ្ឋាគារ សាងហ្គ្រីឡាភ្នំពេញ រាត្រី ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបាន ក្រោមការដឹកនាំរបស់ លោកជំទាវ ភឹម សំភ័ស អគ្គនាយិកាក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានខិតខំ តស៊ូ យកជំនះនូវរាល់ការ លំបាក ដើម្បីឈានជើងបោះជំហានទៅមុនក្នុងការអភិវឌ្ឍវិស័យកសិកម្មផ្នែកចំណីអាហារ រហូតទទួលបានការគាំទ្រជាបន្តបន្ទាប់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីប្រកួត ប្រជែងទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវក៏បានបន្តនូវពង្រីកការវិនិយោគដាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ «វិស័យឯកជន មានការរីកចម្រើន គឺវាជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងការបង់ពន្ធ ហើយដែលការបានប្រាក់ពីការបង់ពន្ធនោះ ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការ។
បច្ចុប្បន្នេះ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តល់ឱកាស និងជួយសម្របសម្រួល និងបង្ករលក្ខណៈងាយស្រួលដល់វិនិយោគជាតិ និងអន្តរជាតិដែលមានបំណងមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យក្រុមហ៊ុន ទទួលបាននូវការគាំទ្រពីមហាជន និងទទួលបាននូវជោគជ័យបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួន។ ពិសេស សូមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបាននូវសុខភាពល្អ ពោរពេញដោយថាមពល សេចក្តីសុខ និងសុភមង្គលគ្រប់ពេលវេលា ការងាររីកចម្រើនយ៉ាងរហ័ស ឱកាសថ្មីៗ និងជោគជ័យក្នុងអាជីពការងារ៕រក្សាសិទ្ធដោយ៖សុទ្ធលី
















