Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ (Sewerage System Development in Ta Khmau Town Project) សម្រេចបាន ស្មើនឹង ២០,២៧%

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់​​​ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។

គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងនេះសម្រេចការងារបាន ២០,២៧% រួមមានការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សេវាគ្របដណ្ដប់ ៥សង្កាត់ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដីប្រមាណ ៩៧៦ហិកតា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២០០០ម៣/ថ្ងៃ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) មានទីតាំងនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×