Saturday, February 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចព្រះមហាក្សត្រី ស្តេចយាងធ្វើទស្សនកិច្ចមកកាន់ស្ថានទូតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេច “ព្រះបរមរតនកោដ្ឋ” ទៅកាន់ប្រទេសចិន

ភ្នំពេញ ៖ ឯកឧត្តមWang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ជាមហាកិត្តិយសដ៏វិសេសវិសាលដែលបានទទួលស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងស្ថានទូតចិនប្រចាំនៅកម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយព្រះអង្គផ្ទាល់
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះនៅល្ងាចថ្ងៃទី ១៣ កុម្ភៈ ២០២៦ ដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ កាលពី៧០ឆ្នាំមុននាថ្ងៃនេះ នោះគឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិន បានបើកទំព័រថ្មីជាប្រវត្តិសាស្រ្តសម្រាប់ចំណងមិត្តភាពចិន-កម្ពុជា។

ឯកឧត្តមWang Wenbin បានថ្លែងថា ថ្ងៃនេះ ព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះមហាក្សត្រីមកកាន់ស្ថានទូតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ”ទៅកាន់ប្រទេសចិន បានធ្វើឲ្យយើងស្វែងយល់កាន់តែច្បាស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ កាន់តែរឹងមាំ និងមានតម្លៃដ៏មហាសាល ។ ក៏បានធ្វើឱ្យយើងមានជំនឿចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពប្រពៃណីនេះ ដែលត្រូវបានសាកល្បងដោយបម្រែបម្រួលស្ថានការណ៍អន្តរជាតិ នឹងបន្តទៅជំនាន់ក្រោយនិងបន្តអភិវឌ្ឍនាពេលអនាគត។
ដើមស្វាយពីរដើម ដែលសម្ដេច”ព្រះបរមរតនកោដ្ឋ”និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានដល់ស្ថានទូត កំពុងបែកមែកសាខាលាស់ស្លឹកខៀវខ្ចីនិងពោរពេញទៅដោយផ្លែផ្កា។ រយៈពេល ៧០ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពដ៏ពិសេសរវាងប្រទេសយើងទាំងពីរ ដែលបង្កើតឡើងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ក៏បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើនផងដែរ ដូចជាដើមស្វាយពីរដើមនេះ។
យើងខ្ញុំនឹងបន្តសហការជាមួយប្រទេសកម្ពុជា ដើម្បីបន្តចំណងមិត្តភាពចិន-កម្ពុជា ដើម្បីឱ្យចំណងមិត្តភាព”ដែកថែប”នេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×