Monday, February 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ តើសកម្មភាពរបស់យោធាថៃដែលបានធ្វើក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងយោធា ខុសនឹងច្បាប់អន្តរជាតិដូចម្តេចខ្លះ?

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា តើសកម្មភាពរបស់យោធាថៃដែលបានធ្វើក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងយោធា ខុសនឹងច្បាប់អន្តរជាតិដូចម្តេចខ្លះ? តើរាជរដ្ឋាភិបាលបាននិងកំពុងធ្វើអ្វីខ្លះដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន?

ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC)1) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជាដើម។

ច្បាប់អន្តរជាតិទាំងអស់នេះ បានហាមប្រាមការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយបាននិងកំពុងបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។ ពួកគេជួបការលំបាកកាន់តែខ្លាំង ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងបាត់បង់ឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។

ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ដោយបានសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងនិងកាន់កាប់ទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតទៅប្តឹងតវ៉ាយ៉ាងខ្លាំងជូនទៅដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់និងអន្តរជាតិ ដោយបានស្នើសុំឱ្យចាត់វិធានការប្រឆាំងការរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរដ៏ធ្ងន់ធ្ងរនេះជាបន្ទាន់និងទៅតាមសមត្ថកិច្ចរៀងៗខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានមានប្រសាសន៍បញ្ជាក់ថា «ការការពារទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចក៏បានបញ្ជាក់ច្បាស់ថា កម្ពុជានឹងមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិគ្រប់មជ្ឈដ្ឋានជ្រាបថា ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តមិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកឯជំហរច្បាស់លាស់និងដាច់ខាតរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា គឺជាសក្ខីភាពនៃភាពម៉ឺងម៉ាត់ក្នុងការការពារទឹកដីនិងប្រជាពលរដ្ឋ ខណៈដែលកម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ គឺជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។ ទាំងនេះគឺជាចន្ទុលដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋខ្មែរពីការរំលោភបំពាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×