មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ចាប់ផ្ដើមមានអគារវះកាត់ និងសង្គ្រោះបន្ទាន់បន្ថែមទៀតហើយ ខណ:ពេលនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចុះបឋមសិលាសាងសង់អគារនេះ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងតែម្ដង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ជាមួយនឹងការសាងសង់អគារបន្ថែមសម្រាប់វះកាត់ និងសង្គ្រោះបន្ទាន់នេះ ក៏សូមឲ្យក្រុមគ្រូពេទ្យរក្សាបាននូវបច្ចេកទេសជំនាញប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដល់អ្នកមកទទួលសេវាព្យាបាល ព្រោះថា ប្រទេសមួយមានការរីកចម្រើនល្អ ត្រូវតែផ្ដល់សុខភាពសាធារណៈ និងសេវាសុខាភិបាលដល់ប្រជាពលរដ្ឋឲ្យបានល្អផងដែរ។
ការសាងសង់អគារថ្មីនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្ត។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខេត្តព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ «ការគិតគូរពីសុខភាពជាចម្បង» របស់ថ្នាក់ដឹកនាំ។
អគារមន្ទីរពេទ្យនេះ នឹងក្លាយជាកន្លែងផ្តល់ក្តីសង្ឃឹម និងការសង្គ្រោះជីវិតដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងតំបន់។ «សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់ប្រជាជនម្នាក់ៗ និងរបស់សង្គមជាតិទាំងមូល , ហើយសុខភាព ក៏ជាដើមទុននៃការអភិវឌ្ឍប្រទេសជាតិផងដែរ»៕ ពិសិដ្ឋ CEN






















