ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យរឹងរឹតកាន់តែមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឆេល បល (Rachel Ball) នាយនគរបាលជាន់ខ្ពស់សហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា និងផ្លាស់ប្ដូរបទពិសោធន៍លើការបង្ក្រាប នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា រយៈកាលកន្លងមក រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ក្រោមការបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការណែនាំរបស់អភិបាលខេត្ត នៅមូលដ្ឋានខេត្តសៀមរាប គឺមិនមានបទល្មើសធំៗនោះទេ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) , គ្រាន់តែជាករណីឆ្លងកាត់ ដែលក្រុមជនសង្ស័យរត់គេចមកពីបណ្តាខេត្ត-ក្រុងផ្សេងៗតែប៉ុណ្ណោះ។
លោកស្នងការនគរបាលខេត្តសៀមរាប រូបនេះបានឱ្យដឹងទៀតថា ជាការពិត ក្នុងយុគសម័យនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើន និងក្នុងបរិបទនៃសាកលភាវូបនីយកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ លើការងារប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា តាមរយៈដាក់ចេញនូវយន្តការជាច្រើនដើម្បីឈានទៅដល់ការលុបបំបាត់ សកម្មភាពទាំងអស់នេះ។
ដូច្នេះ ក្នុងនាមជាមន្ត្រីនគរបាលគ្រូឧទេ្ទស ត្រូវខិតខំស្វែងរកវិធីសាស្ត្របង្រៀនឲ្យសិក្ខាកាមងាយយល់ ងាយចេះ និងសូមបញ្ចេញនូវពុទ្ធិរបស់ខ្លួនឲ្យអស់ពីសមត្ថភាព។ ដោយឡែក សិក្ខាកាមត្រូវយកចិត្តទុកដាក់លើប្រធានបទពិភាក្សា, ស្វែងយល់អំពីការវិវត្តនៃបទល្មើស, កំណត់ឲ្យបាននូវយន្តការថ្មីៗ និងយុទ្ធសាស្ត្រឲ្យទាន់សម័យកាល និងកំណត់គោលដៅចាត់ការ ឬបង្ក្រាបបទល្មើសណាមួយ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានច្បាស់លាស់៕ ពិសិដ្ឋ CEN















