Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សូមអំពាវនាវជនរួមជាតិរួបរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែនតាមគោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន និងសូមរក្សាស្មារតីរួម មួយថា ជម្លោះទឹកដីនេះពិតជាបង្កការឈឺចាប់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៍មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គា្ននោះឡើយ។ ក៏ប៉ុន្តែកម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិកថា សកម្មភាពមិនស្មោះត្រង់របស់យោធាថៃ ផ្ទុយពីខ្លឹមសារនៃសេចក្ដីប្រកាសរួម កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើន កន្លែង ហួសពីខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.៤៣៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៥សែន៨ម៉ឺននាក់ ឬ ៨៩% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧០.៥១៦នាក់ទៀត (ស្ត្រី៣៧.១៦៥នាក់ និងកុមារ ២៤.៩២៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

២-ការបន្តផ្អាកសវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៦ និងមន្ទីរពេទ្យ/មណ្ឌល សុខភាពចំនួន២ បន្ថែមទៀត បានបើកដំណើការឡើងវិញ ខណៈសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ដែលថ្មីៗនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋបាល ស្ថិតក្នុងស្រុកថ្មពួក និងជីកប្រឡាយ សាងសង់ផ្លូវ ព្រមទាំងចាក់ដីលុបស្រះទឹក នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនេះផ្ទុយពីអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក ជាពិសេស ផ្ទុយពីគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្មារតីសន្តិភាពពិភពលោក។ ក្នុងន័យ នេះ ក្រសួងមហាផ្ទៃ មានមោទកភាពយ៉ាងក្រៃលែង ដែលព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន មាំណត ជានាយករដ្ឋមន្ត្រី បានកំពុងចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍គូសបញ្ជក់ របស់ សម្ដេចធិបតី ដែលបានសង្កត់ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងដែលរាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគីទាំងពីរ ដោយមិនទទួលស្គាល់ដាច់ខាត ការកាន់កាប់ទឹកដីគ្រប់រូបភាពតាមរយៈ ការប្រើកម្លាំងខុសច្បាប់។ កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី ដោយប្រើប្រាស់កម្លាំង។ មធ្យោបាយដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីដោះស្រាយជម្លោះព្រំដែននេះ គឺការអនុវត្តយន្តការ ដែលមានស្រាប់ ផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដោយសង្ឃឹមថា ភាគីថៃនឹងបង្ហាញឆន្ទៈពិតប្រាកដ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បំពេញភារកិច្ចឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន និងបញ្ឈប់ការ ប្រើប្រាស់លេសនយោបាយ ដើម្បីពន្យារពេលបន្តទៀត។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិរួបរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយបញ្ហាព្រំដែនតាមគោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន និងសូមរក្សាស្មារតីរួម មួយថា ជម្លោះទឹកដីនេះពិតជាបង្កការឈឺចាប់ ប៉ុន្តែយើងមិនត្រូវដួលដោយសារការឈឺចាប់នេះជាដាច់ខាត ផ្ទុយទៅវិញ គឺត្រូវប្រែក្លាយការឈឺចាប់នេះឱ្យទៅជាភាពរឹងមាំនៃជាតិ និងប្រជាជនយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×