ភ្នំពញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផល ប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹក៦៨.២៨០នាក់ទៀត ក្នុងនោះ កុមារ២៤.៥៨៩នាក់ បន្តស្នាក់នៅតាមជំរំ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គា្ននោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន មាំណត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពីខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.២៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជាង ៨៩% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៨.២៨០នាក់ទៀត (ស្រ្តី៣៥.៩១៦នាក់ និងកុមារ ២៤.៥៨៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ និងសូមប្រកាសគាំទ្រ សម្ដេចធិបតី ដែលបានគូសបញ្ជាក់ជា ថ្មីទៀតនូវគោលជំហប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ពោលគឺកម្ពុជាជឿច្បាស់ថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម មិនមែនជាដំណោះស្រាយមានប្រសិទ្ធភាព ឬចីរភាពឡើយ។ ក្នុងន័យនេះ យើងអំពាវនាវ ភាគីថៃមានភាពស្មោះត្រង់ អនុវត្តឱ្យបានពេញលេញតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដោយបង្ហាញ ឆន្ទៈពិតប្រាកដ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) បំពេញភារកិច្ចបានឆាប់បំផុត និងបញ្ឈប់ការប្រើប្រាស់ លេសនយោបាយ ដើម្បីពន្យារពេលបន្តទៀត។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិរួបរួម រក្សាស្មារតីរួមមួយថា ជម្លោះទឹកដីនេះ ពិតជាបង្កការឈឺចាប់ ប៉ុន្តែយើងមិនត្រូវដួលដោយសារការឈឺចាប់នេះជាដាច់ខាត ផ្ទុយទៅវិញគឺត្រូវប្រែក្លាយការ ឈឺចាប់នេះឱ្យទៅជាភាពរឹងមាំនៃជាតិ និងប្រជាជនយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី





