Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព” ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព។

កិច្ចប្រជុំលើកដំបូងនេះគឺជាការចាប់ផ្ដើមជាផ្លូវការនូវអាណត្តិរបស់ក្រុមប្រឹក្សាសន្តិភាព ក្នុងការ ស្តារសន្តិភាព និងកៀរគរការកសាងឡើងវិញគ្រប់ជ្រុងជ្រោយនៅតំបន់ហ្គាហ្សា។ ក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាបានអនុម័តសេចក្តីសម្រេចចិត្តលេខ ២០២៦/០២ (BOP/RES/ 2026/2) ដែលបង្កើត ក្របខណ្ឌហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការការងារ។ ក្រុមប្រឹក្សាបានសម្រេចថា សកម្មភាពរបស់ក្រុម ប្រឹក្សានឹងត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្តរបស់ប្រទេសសមាជិក ប្រទេសដទៃទៀត អង្គការ និងប្រភព បន្ថែមផ្សេងទៀត។ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការចូលរួមវិភាគទានរបស់ សហរដ្ឋអាម៉េរិកចំនួន ១០ ប៊ីលានដុល្លារអាម៉េរិកសម្រាប់ក្រុមប្រឹក្សានេះ។ ប្រទេសសមាជិកដទៃទៀត បានសន្យាចូលរួមវិភាគទានជាង ៧ ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការកសាងឡើងវិញ និងជំនួយ មនុស្សធម៌នៅតំបន់ហ្គាហ្សា។

ប្រទេសសមាជិកមួយចំនួនទៀតបានប្ដេជ្ញាបញ្ចូនកម្លាំងយោធាចូលរួម ក្នុងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (International Stabilization Force -ISF) នៅតំបន់ហ្គាហ្សា។
ស្របពេលនឹងកិច្ចប្រជុំខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ ភាគីទាំងពីរបាន គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅ ឆ្នាំនេះ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។
ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារស ជាមួយឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាម៉េរិកមួយចំនួន។ ក្នុងជំនួបជាមួយឯកឧត្តមអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative) ឯកឧត្តម អគ្គរដ្ឋទូត Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំនួញទំនាក់ទំនង ទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩% នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មាន ការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងជំនួបជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាលើបញ្ហាដែលជា ចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហ ប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តម Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ចូលរួមជាសមាជិក ស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។

ក្នុងជំនួបជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ភាគីទាំងពីរបាន កត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពី ពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel Paparo ម៉ៃបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធ ដល់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួម និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការ ពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ
រួមមាន Atlantic Council ដឹកនាំដោយនាយឧត្ដមសេនីយ៍ Jim Jones និងឯកឧត្តម Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic Council ។ បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបាន ផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News ។
នៅក្នុងជំនួបខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណ តម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាង ពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ ការវិលត្រឡប់ របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង៕ រក្សាសិទ្ថដោយ៖សុទ្ថលី

×