ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមក។ បច្ចុប្បន្ន ប្រជាជនយើងគ្រប់មជ្ឈដ្ឋាននិយមប្រើប្រាស់សម្លៀកបំពាក់ ប្រពៃណីទាំងនេះក្នុងឱកាសជាច្រើនដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីផ្សេងៗ ព្រមទាំងការ តុបតែងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាដើម ដែលសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ មោទនភាព និងការលើកតម្លៃចំពោះអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ។
ជាមួយគ្នានេះ ក្នុងរយៈពេលកន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏សង្កេតឃើញមានការផ្សព្វផ្សាយ សម្លៀកបំពាក់ដោយប្រើអាវផាយ ស្បៃ សំពត់ហូល ឬផាមួងមកច្នៃប្រឌិតថ្មី ដើម្បីស្លៀកពាក់បង្ហាញនៅទីសាធារណៈ ក្នុងគោលបំណងចូលរួមលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី និងជំរុញឱ្យមានការអភិរក្សតាមការយល់ដឹងរៀងៗខ្លួន
ដែលសុទ្ធតែជាសកម្មភាពគួរជាទីគោរព និងលើកទឹកចិត្ត។
ដោយឡែកផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណី និងយោងតាមទំនៀមក្នុងវប្បធម៌ខ្មែរ “អាវផាយ” ឬរាជសព្ទ ហៅថា “ព្រះភូសាផាយ” គឺប្រើសម្រាប់ពាក់គ្របពីលើអាវកត្រង់របស់មនុស្សប្រុសនៅក្នុងពិធីប្រពៃណី ឬក្នុងពិធីផ្លូវការ ផ្សេងៗតាមកម្រិតបុណ្យស័ក្តិ ឋានៈ កិត្តិយស។ ព្រះភូសាផាយសម្រាប់ព្រះមហាក្សត្រ ត្បាញពីសូត្រ ប៉ាក់ផ្កា ប៉ាក់ឌិន និងរចនាល្អពិចិត្រប្រកួតពណ៌មាសភ្លឺផ្លេក សម្រាប់ព្រះអង្គទ្រង់គ្រឿងក្នុងព្រះរាជពិធីរាជាភិសេកឡើងសោយរាជ្យ។
រីឯ “ស្បៃ” គឺជាផ្នែកសំខាន់នៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” ដោយការគ្រងស្បៃ គឺជាផ្នែកមួយនៃតម្លៃរបស់ស្ត្រីខ្មែរ ក្នុងអាពាហ៍ពិពាហ៍ ឬពិធីសំខាន់នានាក្នុងជីវិតដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនៃការកកើតទឹកដីនិងអរិយធម៌ខ្មែរ ដំបូងបង្អស់។ ស្បៃដែលប្រើក្នុងពិធីមង្គលការ ជាស្បៃដែលមានការរចនាប៉ាក់ឌិនយ៉ាងផ្ចិតផ្ចង់បំផុតសម្រាប់កូនក្រមុំ ប្រើ ជាមួយសំពត់ ក្បិន ផាមួង ល្បើក ឬសារបាប់។ ស្បៃប៉ាក់ឌិន ក៏អាចប្រើក្នុងរបាំបុរាណដែរ។ ក្រៅពីនេះ ក៏មានស្បៃ ម្យ៉ាងទៀតជាសាច់ក្រណាត់ធម្មតា ហើយគេនិយមប្រើបានតែជាមួយសំពត់និងក្បិនតាមបែបប្រពៃណីតែប៉ុណ្ណោះ។
តាមការសិក្សាស្រាវជ្រាវ ព្រះមហាក្សត្រខ្មែរបានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គ ជាពិសេសអ្នកពុំមាន
លទ្ធភាព អាចខ្ទីសម្លៀកបំពាក់ប្រពៃណីបែបនេះពីព្រះបរមរាជវាំង ដើម្បីស្លៀកពាក់យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតខ្លួននាថ្ងៃអាពាហ៍ពិពាហ៍ជាមង្គលសិរី។
សេចក្តីពន្យល់សង្ខេបខាងលើ គឺក្នុងគោលបំណងជម្រាបជូនសាធារណជនគ្រប់មជ្ឈដ្ឋាន ពីចរិតលក្ខណៈដើម នៃសម្លៀកបំពាក់ប្រពៃណីមួយចំនួន ដើម្បីជំរុញការចូលរួមអភិរក្ស ក៏ដូចជាតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋាន ទំនៀមនៃវប្បធម៌ខ្មែរជាគោល ព្រមទាំងពញាក់អារម្មណ៍អ្នកប្រើប្រាស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃមួយចំនួនដែលកំពុងបង្កផលប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណី ខ្មែរយើង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូតសម្លៀកបំពាក់ សូមព្យាយាម សិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ មុននឹង ប្រើប្រាស់ជាសាធារណៈ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជមាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌ ជាតិខ្លួនទៅវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







