Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាមខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦៖
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយនេះ រួមមាន ១៦ ចំណុច ដែលក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់។ ខ្ញុំសូមអនុញ្ញាតចែករម្លែកខ្លឹមសារទាំង ១៦ចំណុច ដោយសង្ខេបខ្លះដើម្បីជាការយល់ដឹងទាំងអស់គ្នាដូចតទៅ៖
១. ភាគីទាំងពីរ ឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (…) ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
២. ភាគីទាំងពីរ ឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
៣. ភាគីទាំងពីរ ឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរ ឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន(…)។
៤. ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន។
៥. ភាគីទាំងពីរ ឯកភាពគ្នាថា នឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទាំងមូល។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង ហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។
៦. ភាគីទាំងពីរ ឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរ ឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។
៧. ភាគីទាំងពីរ ឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។
៨. ភាគីទាំងពីរ ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
៩. ភាគីទាំងពីរ បញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ(តាមអនុសញ្ញាអូតាវ៉ា)។ ភាគីទាំងពីរ នឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួល (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានព្រមព្រៀងគ្នា(…)។
១០. ភាគីទាំងពីរ ឯកភាពគ្នាគោរពតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ(…)។
១១. ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។
១២. ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
១៣. ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរ យល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
១៤. ភាគីទាំងពីរនឹងរក្សាខ្សែបណ្តាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន។ ប្រសិនបើចាំបាច់ តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹងកន្លែងដោយប្រសិទ្ធភាព។
១៥. ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀតដើម្បីឱ្យបានដឹងនិងដើម្បីសម្រួលដល់ប្រតិបត្តិការដោះមីនមនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នា ស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពរលូន ដោយគ្មានការរារាំង ឬការយល់ច្រឡំណាមួយឡើយ។
១៦. ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ ដើម្បីធានាបាននូវការទប់ស្កាត់ និងការគ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×