Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការពង្រឹងនិងពង្រីកមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាអមដោយមន្រ្តីជាន់ខ្ពស់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកជំទាវ Bridgette Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជានិងប្រតិភូអម ក្នុងជំនួបផ្លូវការ និងបានគូសរំលេចអំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ពិសេសតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានចូលរួមសម្របសម្រួល រហូតសម្រចបាននូវកិច្ចព្រមព្រៀងសន្តិភាព (Peace Deal) នៅគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនៅឆ្នាំ ២០២៥កន្លងមកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍លើកកម្ពស់សន្តិភាព ព្រមទាំងការខិតខំប្រឹងប្រែងស្វែងរក និងរក្សាឱ្យបាន នូវភាពជាមិត្តជាមួយប្រទេសក្នុងតំបន់និងសកល ជាពិសេសជាមួយប្រទេសជិតខាងប្រកបដោយសន្តិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសបញ្ជាញ់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) គឺជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព។

លោកជំទាវ Bridgette Walker ក៏បានសង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ចំពោះការសន្ទនាដោយបើកចំហររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងសហរដ្ឋអាម៉េរិក។ លោកជំទាវបានបន្តថា ថ្វីត្បិតកម្ពុជាបានជួបប្រទះបញ្ហាប្រឈមជាច្រើន តួយ៉ាងជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាម៉េរិកមានបំណងចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។ លោកជំទាវបានបន្តថា កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាចង់បានវិនិយោគសហរដ្ឋអាម៉េរិកដែលមានគុណភាពនិងចម្រុះបែប ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្មនិងផលិតកម្មជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់និងសកល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម ជាដើម ។ល។ ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។
ទាក់ទិននឹងបញ្ហា Online Scam ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បញ្ហានេះ ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាព Online Scam ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាបញ្ហា online scam មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ, ប៉ុន្តែគឺជាបញ្ហារួមរបស់តំបន់ និងសកលលោក ដោយសារបញ្ហានេះត្រូវបានទទួលស្គាល់ថាជាឧក្រិដ្ឋកម្មឆ្លងដែន និងមានភាពស្មុគស្មាញជាប្រព័ន្ធដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រទេសមួយទៅប្រទេសមួយទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានេះ ដោយផ្អែកលើគោលការណ៍ចំនួន ៤ រួមមាន៖ ការបង្ការ
ការបង្ក្រាប ការអប់រំ និងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការជំរុញការធ្វើកំណែទម្រង់អភិបាលកិច្ច្ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាស្នូលក្នុងការធានាស្ថិរភាព និងវិបុលភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការពង្រឹងនីតិរដ្ឋ ការកែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធច្បាប់ តុលាការ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីកសាងស្ថាប័នរដ្ឋមួយដែលមានភាពរឹងមាំ ឆ្លាតវៃ និងស្អាតស្អំ។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ពី
សារៈសំខាន់នៃការលើកកម្ពស់គុណធម៌ ការបង្កើនភាពសុចរិត និងការទទួលខុសត្រូវក្នុងវិស័យសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទំនើបកម្មអភិបាលកិច្ច។

លោកជំទាវ Bridgette Walker បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាវៃ និងប្រាកដនិយមរបស់ សមេ្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នា លោកជំទាវក៏បានបង្ហាញទស្សនវិជ្ជមាន និងមានភាពជឿជាក់យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសការបង្ក្រាប online scam និងការពង្រឹងទំនាក់ទំនងក្នុងវិស័យ យោធា, ការទូត, សង្គមកិច្ច, ពាណិជកម្ម និងសន្តិសុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងនិងពង្រីកមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ជាពិសេស ការយកចិត្តទុកដាក់លើការការពារស្ថិរភាព សន្តិសុខ និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ពីភាពបើកចំហរបស់លោកចំពោះការសន្ទនាជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការនានាដែលផ្តល់ផលប្រយោជន៍រួម។
ឯកឧត្តមជឿជាក់ថា តាមរយៈទំនាក់ទំនងដោយស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក នឹងបន្តរីកចម្រើន សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×