ភ្នំពេញ៖ ទីបំផុតការទាមទាររបស់បងប្អូនកម្មករនៃក្រុមហ៊ុនជាំងស៊ូណានតុង ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយចប់សព្វគ្រប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលធ្វើឱ្យកម្មករនិយោជិតទាំងអស់ពេញចិត្តសប្បាយចិត្តជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ត្រឹមត្រូវ និងយុត្តិធម៌។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ករណីទាមទាររបស់បងប្អូនកម្មករផ្នែកសាងសង់ បានទទួលដំណោះស្រាយ។ ហើយកម្មករដែលមានឈ្មោះ ២៧៩នាក់កំពុងបានបើកលុយគ្រប់គ្នានៅទីស្តីការក្រសួងការងារនៅថ្ងៃនេះផងដែរ”។
ជាបុគ្គលិកក្រុមហ៊ុនសំណង់ ជាំងស៊ូ ណានតុង លោក ម៉ៅ ដារ៉ា ដែលជាបុគ្គលិកដែលខានបើកប្រាក់ខែ ៣ខែហើយនោះ បានត្រេកអររំភើបក្រោយបានទទួលដំណោះស្រាយរបស់ក្រសួងការងារដែលប្រើពេលត្រឹមតែរយៈពេល ២សប្តាហ៍ក្រោយការដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយដោះស្រាយ។
លោកថ្លែងថា៖«ក្រសួងការងារលោកស្ទុះស្ទារាប់ពីថ្ងៃដែលយើងបានដាក់ពាក្យធ្វើរបាយការណ៍ត្រឹមត្រូវបញ្ជូនឱ្យគាត់ ២សប្តាហ៍ពួកយើងទទួលបានលទ្ធផល។ ពួកខ្ញុំមានសេចក្តីតេ្រកអរ និងមានអំណរអរគុណជាខ្លាំងដល់ក្រុមការងារក៏ដូចជា ឯកឧត្តមរដ្ឋលេខាធិការ ដែលលោកទទួលបន្ទុកដោះស្រាយវិវាទការងារនេះ»។
បន្ថែមពីនេះ លោក ចាន់ ជាង រីករាយជាខ្លាំងចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព និងលឿនរហ័សរបស់ក្រសួងការងារដែលជួយរកយុត្តិធម៌ជូនក្រុមកម្មករទាំងអស់។
លោកថ្លែងថា៖«ក្រសួងដោះស្រាយបានដោយយុត្តិធម៌ ត្រឹមត្រូវ និងដោះស្រាយបានឆាប់។ ខ្ញុំសប្បាយចិត្តខ្លាំង ក្នុងនាមខ្ញុំជាបុគ្គលិកក្រុមហ៊ុន ដែលតំណាងឱ្យជាង កម្មករ ដូចៗគ្នាសូមអរគុណក្រសួងដែលប្រឹងធ្វើការសស្រាក់សស្រាំដើម្បីដោះស្រាយឱ្យបងប្អូន ជាង កម្មករ ដែលជាអ្នករងគ្រោះពាក់ព័ន្ធលុយប្រាក់ខែជាមួយក្រុមហ៊ុននេះ»។
សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ កម្មករនិយោជិតនៃក្រុមហ៊ុនសំណង់ ជាំងស៊ូ ណាន តុង បានស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រុមហ៊ុនម៉ៅការសំណង់នេះ បើកប្រាក់ឈ្នួលជូនពួកគាត់ដែលបានអាក់ខានរយៈពេល ៣ខែមកហើយ។
ជាមួយនឹងដំណោះស្រាយលឿន និងមានប្រសិទ្ធភាពនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថាដោយសារតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសគឺការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីចំពោះសុខទុក្ខរបស់បងប្អូនកម្មករ ហើយដំណោះស្រាយនេះ កើតចេញពីការជឿទុកចិត្តរបស់បងប្អូនកម្មករនិយោជិតទាំងអស់ដែលបានសហការបានយ៉ាងល្អផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








