ភ្នំពេញ ៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់ស្តីពីការបង្កើតគោលការណ៍ណែនាំជាតិសម្រាប់ជំនួយជនរងគ្រោះ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់ មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូយ៉ាងជិតស្និទ្ធក្នុងកិច្ចការសម្របសម្រួលវិស័យសកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា និងបន្តគាំទ្រដល់វិស័យសកម្មភាពមីន និងកម្មវិធីសង្រ្គោះជនមានពិការភាពនៅកម្ពុជា ក្នុងនោះរួមទាំងការស្តារកាយសម្បទា ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំណត់យ៉ាងច្បាស់ក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។ ដោយឡែកពាក់ព័ន្ធនឹងជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកជាផ្នែកមួយសំខាន់នៃគោលនយោបាយជាតិវិស័យសកម្មភាពមីន និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើ “ការថែទាំ ស្តារសម្បទា និងការរួមបញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ប៉ុន្តែការថែទាំ និងគាំទ្រដល់ជនរងគ្រោះ គ្រួសារ និងសហគមន៍ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យដៃគូបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅជួយរួមចំណែកសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី










