Thursday, March 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចំការលើ ទទួលបានអំណោយពីអភិបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម: ក្រោយពីទទួលបានព័ត៌មានពីថ្នាក់មូលដ្ឋាន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំស្វាយទាប ស្រុកចំការលើ នេះជាបាតុភូតធម្មជាតិដែលបានកើតឡើងនារដូវប្រាំង ហាក់បីដូចជាមានភាពចម្លែក។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនោះ មានភ្លៀង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានបក់គួច យ៉ាងខ្លាំង បណ្តាលឲ្យរបើកទាំងដំបូលផ្សារ និងផ្ទះពលរដ្ឋ ១០ខ្នង ក្នុងភូមិចំនួន ៤ គឺ៖ ភូមិថ្នល់បែកកើត ភូមិថ្នល់បែកលិច ភូមិថ្នល់បែកជើង និងភូមិស្វាយទាប បានរបើកដំបូលស័ង្កសីជាបន្តបន្ទាប់ ប៉ះពាល់កម្រិតមធ្យមចំនួន ៤ខ្នងផ្ទះ និងកម្រិតស្រាល ៦ខ្នងផ្ទះ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបានមានប្រសាសន៍ចូលរួមសម្ដែង ការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះ គ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ម្យ៉ាងវិញទៀត បើទោះបីសម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។ យកឱកាសនោះដែរ ឯកឧត្តមប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស នាពេលមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត ។ គួសបញ្ជាក់ថា អំណោយមនុស្សធម៌សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលឯកឧត្ដមប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ នាំយកទៅចែកជូនពលរដ្ឋរងផលប៉ះពាល់ទាំង ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងឃីត ១សម្រាប់ រួមជាមួយនឹង ថវិកាផ្តល់ជូន ទៅតាមកម្រិតខូចខាតជាក់ស្តែងមួយចំនួនទៀត ផងដែរ ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×