ភ្នំពេញ ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងភរិយាពិតជាមានសេចក្ដីរីករាយក្រៃលែងដែលបានចូលរួមជាមួយ បងប្អូនជនរួមជាតិ បងប្អូន កូនក្មួយនារីៗទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទប្រកបដោយអត្ថន័យគឺ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និង គ្រួសារ»។ ប្រធានបទនេះរំលឹកយើងថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្ដែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ទូលព្រះបង្គំ ខ្ញុំ និងភរិយាសូមសម្តែងនូវគារវភក្ដីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លថ្នូរ និងសុភមង្គល និង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសលើការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ ស្ត្រីនិងក្មេងស្រីកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ដែលបានរួមចំណែក និងគាំទ្រគោលនយោបាយលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រីនៅកម្ពុជា សម្រេចបាន នូវសមិទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់។
ខ្ញុំសូមគាំទ្រការលើកយកប្រធានបទនេះ
ដោយបានឆ្លុះបញ្ចាំងពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។
សន្តិភាពគឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជា។ ឥស្សរជននិងថ្នាក់ដឹកនាំ កំពូលរបស់ជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំយកនូវសុខសន្តិភាពពេញលេញបរិបូរណ៍ជូនជាតិ និង ប្រជាជនកម្ពុជា ក្នុងនោះការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលនាំមកនូវ សុខសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដូចមាននាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តមរតកដ៏ថ្លៃថ្លានេះ សម្រាប់បម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
ទោះបីជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី កម្ពុជា រក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្ដេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបាន ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរសេដ្ឋកិច្ច ជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈ មុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រីគឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ល។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថាស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុង ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្រ្តី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន ៩៩០នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងអបអរសាទរដោយស្មោះចំពោះបងប្អូនស្រ្តី!
ការណ៍នេះ ក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពីតួនាទីដ៏សំខាន់របស់ស្រ្តីនិងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្ដារឡើងវិញក្រោយជម្លោះ។ ជាសក្ខីភាព កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះ ផងដែរ។
ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ជាមួយស្រ្តីនិងក្មេងស្រីនៅគ្រប់ទីកន្លែង ជាមួយស្ត្រីជាម្ដាយ ស្ត្រីជាមេផ្ទះ ស្ត្រីជាអ្នកដឹកនាំ ស្ត្រីជាអាជីវករ ស្រ្តីអ្នកបម្រើការនៅគ្រប់វិស័យ ស្រ្តីនៅជនបទ និងតំបន់ដាច់ស្រយាល ស្ត្រីមានពិការភាព ស្ត្រីជនជាតិដើមភាគតិច ស្ត្រីនៅតាមជំរុំសុវត្ថិភាព ស្រ្តីនិងក្មេងស្រីជា សមាជិកគ្រួសារវីរកងទ័ព។ល។ ស្ត្រី គឺជាបេះដូងនៃគ្រួសារ ស្ត្រីជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃ ប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្ដល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំប្រកបដោយការយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា។
ដើម្បីសម្រេចបាននូវគុណតម្លៃទាំងនេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការ អាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្រ្តីនិងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ និង ប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានអនុវត្ត នូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ផ្ដោតការយកចិត្តទុកដាក់លើចំណុចអាទិភាព ដូចខាងក្រោម៖
ទី១. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តវិនិយោគលើស្រ្តី និងសមភាពយេនឌ័រនៅក្នុងក្របខ័ណ្ឌគោល នយោបាយជាតិ និងកម្មវិធីតាមវិស័យជាប្រព័ន្ធ និងរួមបញ្ចូលរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ និងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងក្រសួង ស្ថាប័ន និងនៅក្នុង សង្គម ព្រមទាំងការផ្លាស់ប្តូរនិយាមសង្គមដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍ។ ទី២. ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តរួមគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន ព្រមទាំងពង្រីកវប្បធម៌អហិង្សា ដើម្បីកសាងគ្រួសារ និងសង្គមឱ្យមានភាពសុខដុមរមនា មានសន្តិភាព និងសន្តិសុខពេញលេញ។
ទី៣. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈ ការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាពសេវាឆ្លើយតប ជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងការអនុវត្តច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ទី៤. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពង្រីកវិសាលភាពនៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គម ឱ្យ ដល់ក្រុមជនងាយរងគ្រោះនិងជនបាត់បង់ឱកាសផ្សេងៗនៅក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុងនិង ក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពមាតានិងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្ដប់ សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
ទី៥. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ សូមបន្តអនុវត្តវិធានការគោលនយោបាយនិងកម្មវិធីគាំទ្រដល់ សហគ្រិននិងអាជីករជាស្ត្រី ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានបរិយាបន្ន និងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍអាជីវកម្ម និងផលិតផលក្នុង ស្រុកដែលដឹកនាំនិងគ្រប់គ្រងដោយស្ត្រី។
ទី៦. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ស្ត្រី និងក្មេងស្រី ដើម្បីធានាថាសំឡេងស្ដីមានឥទ្ធិពលនៅក្នុងដំណើរការកសាង ការពារ និងថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងគ្រួសារ សហគមន៍ នៅតាមវិស័យ និងក្នុងសង្គមជាតិ។ ទី៧. ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ត្រូវបន្តរួមគ្នាគាំទ្រជួយក្រុមជនងាយរងគ្រោះ និងកសាងភាពធន់របស់ស្ត្រីនិងក្មេងស្រី ឆ្លើយតបនឹងការវិវត្តថ្មីៗ ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិនានានៅក្នុងសង្គម។
ដើម្បីឈានទៅសម្រេចបាននូវកិច្ចការអាទិភាពខាងលើប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានការចូលរួម ទាំងអស់គ្នាក្នុងការប្រកាន់យកទស្សនៈនិងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្ត្រី ដែលជា ចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយ ចីរភាព។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនគ្រប់រូបនិងក្រុមគ្រួសារ សូមចូលរួមនិងបន្តចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្កកាលានុវត្តភាពឱ្យស្ត្រីនិងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ក្នុងការកសាងនិងថែរក្សា សន្តិភាព និងសន្តិសុខក្នុងសង្គម ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ នៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់ជំនាន់តទៅមុខទៀត។
មុននឹងបញ្ចប់ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្វាយព្រះពរជ័យ សិរីមង្គលបវរមហាប្រសើរ ថ្វាយ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លថ្នូរ និងសុភមង្គល និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជះបារមីនៃអតីតព្រះមហាក្សត្រខ្មែរ សូមជួយប្រោះព្រំថែរក្សាព្រះអង្គទាំងទ្វេ ទទួលបានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ ប្រជារាស្ត្រគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី







