ខេត្តកំពង់ចាម: ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត មិនអនុញ្ញាតឱ្យការសាងសង់សំណង់រឹងមាំណាមួយរំលោភដីចំណីទន្លេមេគង្គឡើយ។ក្រោយទទួលបទបញ្ជានេះភ្លាមក្រុមគណៈកម្មការចម្រុះ បានចុះត្រួតពិនិត្យដីលំនៅដ្ឋានមួយកន្លែងស្ថិតក្នុងភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ដោយសារតែម្ចាស់ដីបានសាងសង់សំណង់រឹងមាំគឺរបងបេតុងរំលោភចូលដីចំណីទន្លេ ហើយដីនេះមិនមានប្លង់ថែមទៀត អាជ្ញាធរបានដាក់ឱសានវ៉ាតរយៈពេល៧ថ្ងៃតម្រូវឲ្យម្ចាស់វាយរបងថ្មចេញវិញ។ទើបតែមកដល់រសៀលថ្ងៃទី១០មីនា ឆ្នាំ២០២៦ ដោយក្រុមគណៈកម្មការចម្រុះបានសម្រេចវាយកម្ទេចសំណង់របងនោះចោល។
គួររំលឹកថា:អ្នកស្រីអ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ប្រាប់ឲ្យដឹងតាមទូរសព្ទថា: ដោយសារតែមើលឃើញដីលំនៅដ្ឋានមួយកន្លែងបានសង់បំពានច្បាប់នោះ លោក ទុន ណេត អភិបាលស្រុកកំពង់សៀម លោក ជឹង ម៉េងហុង អភិបាលស្រុក លោកនាយករងរដ្ឋបាលស្រុក មន្រ្តីប៉ុសិ៍រដ្ឋបាលឃុំ ចុះពិនិត្យទីតាំងដីធ្វើរបងដោយគ្មានលិខិតអនុញ្ញាត និងសាងសង់ចូលដីចំណីទន្លេ របស់ម្ចាស់ដី ឈ្មោះ លីម ជាម៉េង នៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ
ដែលសកម្មភាពនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣កុម្ភៈ ២០២៦ កន្លងទៅ ដោយទុកឱសានវ៉ាតរយៈពេលមួយអាទិត្យឲ្យម្ចាស់វាយកំទេចចោល។
មេឃុំកៀនជ្រៃ បានបន្តឲ្យដឹងទៀតថា
កន្លងមកម្ចាស់ទីតាំងដីនេះបានឱ្យឡានចាក់ដីចូលទីតាំងរបស់ខ្លួនថែមទាំងបានរៀបចំខឿនបេតុងផ្នែកខាងក្រោយដីទៀត ឃើញបែបនេះបានហៅម្ចាស់មកធ្វើកិច្ចសន្យានៅសាលាឃុំកៀនជ្រៃម្ដងរួចមកហើយ។ តែក្រោយមកម្ចាស់ដីនោះនៅតែបំពានមិនស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក៏ត្រូវបានហៅទៅធ្វើកិច្ចសន្យានៅសាលាស្រុកកំពង់សៀមម្ដងទៀត។ លុះមកដល់ពេលថ្មីៗនេះស្រាប់តែម្ចាស់ដីបានធ្វើរបងថ្មបេតុងព័ទ្ធជុំវិញដីដែលពុំមានច្បាប់និងផ្នែកខាងក្រោយសង់ប៉ះពាល់ដីចំណីទន្លេ ក៏ត្រូវបានលោកអភិបាលស្រុកដឹកនាំមន្ត្រីជំនាញចុះមកធ្វើកិច្ចសន្យាលើកចុងក្រោយដោយទុកពេលឱ្យម្ចាស់ដីប្រាំពីរថ្ងៃធ្វើយ៉ាងណាវាយកំទេចរបងថ្មចោលវិញ។ ជាមួយនោះបើសិនម្ចាស់ដីមិនធ្វើតាមអាជ្ញាធរនិងចាត់វិធានការតាមច្បាប់។
អ្នកស្រីមេឃុំកៀនជ្រៃបញ្ជាក់ថា សម្រាប់ដីលំនៅដ្ឋានរបស់ពលរដ្ឋនៅភូមិកៀនជ្រៃក្រៅ ដែលមានផ្ទះនៅប្របតាមដងទន្លេមេគង្គគឺមានចំនួនប្រមាណ៥០ ទៅ៦០គ្រួសារ ដែលភូមិបាលស្រុកកំពង់សៀម មិនធ្វើប្លង់កម្មសិទ្ធិដីធ្លីជូននោះទេ។ដោយសារតែការពិនិត្យមើលឃើញថាច្បាប់ថ្មី ដីលំនៅដ្ឋានចាប់ពី៥០ម៉ែត្រពីមាត់ទន្លេ ទើបអនុញ្ញាតធ្វើប្លង់ជូន។ កត្តានេះបានបង្កឲ្យមានផលវិបាកបើពលរដ្ឋចង់ខ្ចីលុយធនាគារឯកជនក៏ខ្ចីមិនបាន ព្រោះកាលណាខ្ចីលុយត្រូវមានតម្កល់ប្លង់ផ្ទះ។
អភ័ព្វអីតែអ្នកភូមិកៀនជ្រៃក្រៅ ចំណែកអ្នកនៅឃុំរអាង ស្រុកកំពង់សៀម ដែលមានផ្ទះនៅតាមជួរដងទន្លេដូចគ្នាគេធ្វើប្លង់កម្មសិទ្ធិជូន(មុនច្បាប់ថ្មីបានចែង)
រាល់ថ្ងៃអ្នកភូមិកៀនជ្រៃក្រៅ ត្រូវរស់នៅរក្សាសភាពដើមប៉ុណ្ណាគឺនៅប៉ុណ្ណឹង។
សូមបញ្ជាក់ថា ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមនិងសហការីបានអញ្ជើញចុះមកពិនិត្យផ្ទាល់នៅទីតាំងរំលោភដីចំណីទន្លេនាថ្ងៃទី៩មីនា
ឆ្នាំ២០២៦។រហូតមកដល់រសៀលថ្ងៃទី ១០មីនា ឆ្នាំ២០២៦ សំណង់ខុសច្បាប់នេះត្រូវបានគណៈកម្មការចម្រុះបានយកគ្រឿងចក្រមកវាយកម្ទេចរបងអោយមានលក្ខណៈដូចសភាពដើម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

















