Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និង សារៈសំខាន់នេះ។ ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុង ការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស ។

ទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ
«រួមគ្នាកសាងក្តីសង្ឃឹមនិងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ ការគាំទ្រនូវតម្រូវការជាមូលដ្ឋាននិងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញ អំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃនិងក្រមសីលធម៌ ចំណេះដឹងនិងជំនាញក្នុងការផ្តល់សេវា ជូនជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។

តាមរយៈការប្រារព្ធទិវានេះ យើងរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្ដីស្រលាញ់ សន្តិភាព និង សាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរនិងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។

ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម រាជរដ្ឋាភិបាល
មានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារឧត្តមប្រយោជន៍របស់ ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ គឺធ្វើយ៉ាងណា ឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ។
ក្នុងការអភិវឌ្ឍនិងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំង សេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបានយកចិត្តទុកដាក់ ជាក់ស្ដែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាល និស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា» ដើម្បីគាំទ្រដល់ការអនុវត្តការងារ របស់កម្លាំងសេវាសង្គម និងកំពុងបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្តល់ ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា។

យោងតាមការសិក្សាពិនិត្យឡើងវិញលើកម្លាំងសេវាសង្គមនៅបណ្តាប្រទេសមួយចំនួន រួមទាំងព្រះរាជាណាចក កម្ពុជាផងដែរ ដែលធ្វើឡើងដោយសម្ព័ន្ធកម្លាំងសេវាសង្គមសកលនិងអង្គការយូនីសេហ្វ នៅឆ្នាំ២០១៩ បានបង្ហាញ ឱ្យឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីត្រូវការក្នុងការបង្កើនការវិភាជធនធានរបស់រដ្ឋាភិបាល សម្រាប់កម្លាំងសេវាសង្គម ការបង្កើតផែនការយុទ្ធសាស្ត្រជាតិដែលផ្តល់អាទិភាពលើការអនុម័តបទដ្ឋានវិជ្ជាជីវៈ សង្គមកិច្ច ការរៀបចំក្របខ័ណ្ឌច្បាប់ដែលកំណត់អំពីតួនាទី ការទទួលខុសត្រូវ ក្របខ័ណ្ឌគណនេយ្យភាពរួម ការពង្រឹង និងការរៀបចំការបណ្តុះបណ្តាល មុនពេលនិងក្នុងពេលចូលបម្រើការងារដែលមានការបញ្ជាក់និងការទទួលស្គាល់ កម្លាំងសេវាសង្គម។ បន្ថែមលើនេះ ចំនួនអ្នកអាជីពសង្គមកិច្ចនិងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាប ដែល ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ក្នុង១ក្រុង ស្រុក ខណ្ឌ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើវិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈ សង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសវាសង្គមម្នាក់ សម្រាប់ប្រជាជន ៣ ៥០០នាក់។
ដោយមើលឃើញអំពីសារៈសំខាន់របស់កម្លាំងសេវាសង្គម ដែលបានពលីកម្មនិងចំណាយកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ ទើបរាជរដ្ឋាភិបាលសម្រេចយកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ដើម្បីប្រារព្ធពិធីអបអរសាទរ និងរំលឹកនូវស្នាដៃ សមិទ្ធផល និង ជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា​ ខ្ញុំព្រះករុណា ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ “ទិវាជាតិសង្គមកិច្ចលើកទី២” និង “ទិវាសង្គមកិច្ច ពិភពលោកលើកទី១៩” នាឆ្នាំនេះ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តកាន់តែក្លៀវក្ល របស់រាជរដ្ឋាភិបាល សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងអ្នកធ្វើការជាកម្លាំងសេវាសង្គម ទាំងអស់នឹងខិតខំធ្វើការ រួមគ្នាបង្កើនចំណងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង បទពិសោធពីជំនាន់មួយទៅជំនាន់មួយ សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកាន់តែល្អប្រសើរ ភាពធន់ និងចីរភាព។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលសាធារណៈនិងឯកជន និងកម្លាំងសេវាសង្គមទាំងអស់ ដែលបានសម្របសម្រួល លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចូលរួមផ្តល់សេវាគាំទ ដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងសហគមន៍ តាមរយៈការលុបបំបាត់ភាពក្រីក្រ ការកាត់បន្ថយការរើសអើង ការលើកកម្ពស់យុត្តិធម៌សង្គម ព្រមទាំងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការកេងប្រវញ្ច គ្រប់រូបភាព និងការមិនអើពើ ដើម្បីធានាបាននូវការអភិវឌ្ឍនិងធ្វើឱ្យសុខុមាលភាពកាន់តែប្រសើរឡើងសម្រាប់ ជនរងគ្រោះនិងជនងាយរងគ្រោះ។
ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គមនិងសមិទ្ធផលការងារ។
២- គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានផ្សេងទៀត សូមជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសជូនជនរងគ្រោះនិងជនងាយរងគ្រោះ។ ៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×