Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសាទរដែលកម្ពុជានឹងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨:២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានជំនួបពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី Patricia Ongpin នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។ ចូលរួមនៅក្នុងជំនួបនេះរួមមាន ឯកឧត្តម និងលោក ជាអនុប្រធាន នាយកខុទ្ទកាល័យ និងប្រធានការិយាល័យសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវ Vladanka Andreeva ដែលបានត្រលប់មកកម្ពុជាម្តងទៀតក្នុងតួនាទីថ្មីនៅអង្គការសហប្រជាជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជាមានការជឿជាក់លើប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជឿទុកចិត្តលើច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះកម្ពុជាត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨កាលពីឆ្នាំ២០២៤ ព្រមទាំងបានរៀបចំរបាយការណ៍ស្តីពីគោលនយោបាយនេះ ក្នុងឆ្នាំ២០២៥កន្លងទៅ។

បន្ទាប់មកលោកជំទាវ Vladankar Endreeva បានបង្ហាញនូវក្តីសោមនស្សចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការត្រលប់មកកម្ពុជាជាថ្មី។ លោកជំទាវបានថ្លែងការកោតសរសើរចំពោះកម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថាជាប្រទេសឈានមុខមួយ ប្រកបដោយការច្នៃប្រឌិត និងធ្វើឱ្យមានវឌ្ឍនភាព។

លោកជំទាវបានអបអរសាទរចំពោះការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ សមាជិកភាពរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍(PCB) និងទស្សនកិច្ចដោយជោគជ័យរបស់លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ នៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។ លោកជំទាវក៏បានសម្តែងនូវការអបអរសាទរដែលកម្ពុជានឹងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីអបអរសាទរសមិទ្ធផលថ្មីៗដែលកម្ពុជា សម្រេចបាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំទស្សនកិច្ចរបស់លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច នៃអង្គការយូអិនអេដស៍ មកកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំឭកថា ដោយជឿជាក់លើប្រព័ន្ធ កម្ពុជាបានចូលរួមថវិកាចំនួន១០០០០០ដុល្លារអាម៉េរិកជាមួយអង្គការយូអិនអេដស៍ កាលពីឆ្នាំ២០២៥កន្លងទៅ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អនាពេលកន្លងមក និងសន្យាបន្តសហការជាមួយអង្គការសហប្រជាជាតិ ជាពិសេសអង្គការយូអិនអេដស៍បន្តទៅមុខទៀត ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី

×