Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលស័ក្ក៥ម្នាក់ រងការចោទប្រកាន់ថា បានដាក់ទូកុងតឺន័រ និងដាំបង្គោលរបងបិទផ្លូវចូលដីប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ជាម្ចាស់ដីឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានចោទប្រកាន់មន្ត្រីនគរបាលពាក់សក្តិ៥នៃក្រសួងមហាផ្ទៃម្នាក់ថា បានប្រើអំណាចយសស័ក្កិ ដាក់កម្លាំងដឹកទូកុងតឺន័រ និងជីកដីដាំបង្គោលរបងថ្មឃាំងផ្លូវចេញចូលដីឃ្លាំងរបស់ខ្លួនចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ មក។ ករណីនេះបានបង្កើតឱ្យមានជម្លោះរ៉ាំរ៉ៃ និងធ្វើឱ្យម្ចាស់ដីឃ្លាំងមិនអាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ទោះបីជាម្ចាស់ដីឃ្លាំងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខណ្ឌកំបូលជាច្រើនដងក៏មិនទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក សឿ មួយហេង ដែលជាភាគីម្ចាស់ដីឃ្លាំង បានបញ្ជាក់ថា វិវាទនេះបានអូសបន្លាយតាំងពីខែតុលា ឆ្នាំ២០២៥មកម្ល៉េះ ដោយសារមន្ត្រីនគរបាលស័ក្កិ៥ ឈ្មោះ ហួន លន់ បានស្នើសុំ មេភូមិ មេឃុំ សុរិយោដី ចុះវ៉ាស់វែងដាក់បង្គោលយកដីប្រឡាយរដ្ធដែលជាផ្លូវសាធារណៈ ប្រជាជនឆ្លងកាត់ពាក់កណ្ដាលមកធ្វើជាកម្មសិទ្ធិខ្លួន។ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍របស់ម្ចាស់ដីឃ្លាំងទៅអាជ្ញាធរខណ្ឌកំបូល អាជ្ញាធរខណ្ឌ ក៏បានកោះប្រជុំជាច្រើនលើកតែមិនមានដំណោះស្រាយ ក្នុងនោះអាជ្ញាធរខណ្ឌកំបូល បានតម្រូវឱ្យភាគីទាំងពីរ មិនឲ្យភាគីណាមួយធ្វើសកម្មភាពនៅលើទីតាំងដីមានជម្លោះនោះមុនពេលមានដំណោះស្រាយសមស្របណាមួយដោយមានធ្វើកំណត់ហេតុបញ្ជាក់។

តែទោះជាយ៉ាងណា លោក សឿ មួយហេង បានអះអាងថា លោកស័ក្តិ៥ ហួន លន់ មិនបានគោរពតាមស្មារតីកិច្ចប្រជុំនោះទេ បាននាំគ្នាយកបង្គោលថ្មមកបោះ និងដឹកទូកុងតឺន័រមកដាក់បាំងឃាំងពីមុខឃ្លាំងរបស់លោក សឿ មួយហេង ទាំងយប់អាធ្រាត្រផ្ទុយស្រលះពីកំណត់ហេតុក្នុងកិច្ចប្រជុំ ក្នុងគោលបំណងទាមទារប្រាក់ជាថ្នូរនឹងការសម្រួលដល់ផ្លូវចេញចូលទីតាំងដីឃ្លាំង។ លោក សឿ មួយហេង បានបន្តថា កន្លងមកមានជជែកសម្រួលគ្នាជាច្រើនដងហើយតែមិនត្រូវគ្នាដោយសារលោកស័ក្តិ៥ ហួន លន់ ទាមទារលុយច្រើនស្ទើរតែលើសតម្លៃដីទៅទៀតធ្វើឱ្យលោក សឿ មួយហេង មិនអាចទទួលយកបាន។

លោក សឿ មួយហេង បានចោទប្រកាន់លោក ហួន លន់ មន្ត្រីនគរបាលស័ក្កិ៥ នៅក្រសួងមហាផ្ទៃថា បានចាក់ដីលុបរំលោភយកដីចំណីប្រឡាយ និងដីចំណីផ្លូវសាធារណៈក្នុងគោលបំណងក្តោបក្តាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកបានបញ្ជាក់ថា កាលពីមុនចំណុចនេះសុទ្ធជាដីស្រែ កាលដែលលោកស្នើសុំចុះបញ្ជីធ្វើប្លង់រឹងខាងមន្ត្រីជំនាញសុរិយោដីវាស់ដោយទុកចំណីប្រឡាយប្រវែងទទឹង៦.៤៥ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នប្រឡាយត្រូវបានគេពង្រីកធំជាងមុនដែលមានប្រវែងទទឹងដល់ទៅ ១៦ម៉ែត្រ និងបានវាស់ចូលមកក្នុងដីលោក សឿ មួយហេង ប្រវែងជិត៥ម៉ែត្រទៀតផង។ លោកបន្តថា លោក ហួន លន់ មានដីម្តុំហ្នឹងដែរតែនៅម្ខាងប្រឡាយមិនមានព្រំជាប់គ្នាទេហើយលោក ហួន លន់ ក៏បានលក់ដីរបស់គាត់ទៅឱ្យក្រុមហ៊ុនធ្វើផ្លូវក្រវ៉ាត់ក្រុងទី៣ (ស៊ីជីងពីង) អស់ហើយដែរ។ ប៉ុន្តែបែរជាមកចាក់ដីរំលោភលើចំណីប្រឡាយថាដីគាត់ដែលនៅសល់ដែលពុំមានការបញ្ជាក់ពីមន្ត្រីសុរិយោដីថាមានប្លង់រឹងនៅលើដីចំណីប្រឡាយនោះទេ ។

ប៉ុន្តែពេលដែលខ្ញុំចូលប្រជុំនៅខណ្ឌកំបូលកាលពីថ្ងៃទី៧ ខែមីនានេះ សុរិយោដីខណ្ឌថាប្រឡាយហ្នឹងតែ៤ ម៉ែត្រទៅវិញ” ហើយការប្រជុំជាច្រើនលើកជាច្រើនសាររបស់អភិបាលរងខណ្ឌពុំមានដំណោះស្រាយណាមួយទេ បានត្រឹមឲ្យភាគីទាំងសងខាងចរចាគ្នាតែប៉ុណ្ណោះ។ ចំណែកទូកុងតែន័រ និងបង្គោលរបងថ្មក៏មិនដកចេញដែរ ធ្វើឱ្យលោក សឿ មួយហេង មិនអាចប្រកបអាជីវកម្មបាន។

លោក ហួន លន់ មន្ត្រីនគរបាលដែលរងការចោទប្រកាន់ បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ លោកថា ការពិតលោក សឿ មួយហេង ទៅវិញទេដែលបានចាក់ដីរំលោភចូលដីរបសគាត់។ លោក ហួន លន់ បានអះអាងថា ដីនោះជាកម្មសិទ្ធិរបស់លោកដោយលោកបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨មក ហើយបន្ទាប់ពីរដ្ឋអនុវត្តគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ លោកបានប្រគល់ដីភាគច្រើនជូនរដ្ឋដើម្បីអភិវឌ្ឍន៍។ លោកបន្តថា ដីនៅសេសសល់មានទំហំ ៣ម៉ែត្រ គុណ ៧៥ម៉ែត្រ ដែលលោករក្សាទុកសម្រាប់ការស្នាក់នៅ ហើយប្រសិនបើរដ្ឋត្រូវការពេលណាលោក នឹងប្រគល់ជូនរដ្ឋវិញដោយគ្មានលក្ខខណ្ឌ។ ចំពោះទូកុងតឺន័រ និងរបងថ្ម នោះគឺលោកជាអ្នកដាក់ គឺដើម្បីដាក់សម្ភារៈសាងសង់ក្បែនោះ។
ជុំវិញករណីនេះ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថាអាជ្ញាធរខណ្ឌបានព្យាយាមសម្របសម្រួលជាច្រើនលើករួមទាំងការបង្ហាញស្លាយបញ្ជាក់ពីព្រំដីដោយមន្ត្រីជំនាញផងដែរ ប៉ុន្តែភាគីទាំងសងខាងនៅតែមិនទាន់ឯកភាពគ្នា។

លោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមថា៖ “ដោយសារភាគីដើមបណ្តឹងបានដាក់ពាក្យប្តឹងបន្តទៅរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះរដ្ឋបាលខណ្ឌបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើអស់ហើយ។ ចំពោះមុខនេះ យើងត្រូវរង់ចាំការសម្រេច និងដំណោះស្រាយបច្ចេកទេសពីមន្ត្រីសុរិយោដី ដើម្បីកំណត់ឱ្យច្បាស់នូវព្រំដីជាក់ស្តែងតាមឯកសារច្បាប់”។
ជុំវិញជម្លោះដីធ្លីខាងលើនេះ មន្ត្រីជំនាញសុរិយោដីម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ បានពន្យល់ដោយលើកហេតុផលមួយចំនួនមកធ្វើការបញ្ជាក់ដូចតទៅ៖
ទី១ បើគិតពីលក្ខណ្ឌច្បាប់យោងទៅលើសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី គឺភាគីម្ចាស់ដីឃ្លាំងដែលកាន់ប្លង់កម្មសិទ្ធិប្លង់រឹង បញ្ជាក់ថា គាត់មានភាពស្របច្បាប់រួចទៅហើយដោយមានប្លង់រឹងកាន់កាប់ក្នុងដៃ ហើយចំពោះការចាក់ដីចូលទីតាំងចំណីដីប្រឡាយប៉ុន្មានម៉ែត្រនោះ អាជ្ញាធរអាចតម្រូវឱ្យគាត់រុះរើចេញជាការស្រេច។

ទី២ ចំពោះ លោក ហួន លន់ មន្ត្រីនគរបាលស័ក្តិ៥ ដែលបានអះអាងថា ដីគាត់នៅសេសសល់ តាមការពិតគឺគ្មានទេ ដោយសារតែដីដែលលោកថា សេសសល់នោះជាដីចំណីប្រឡាយ ទុកសម្រាប់ការប្រើប្រាស់សាធារណៈ ហើយការស្នើសុំចុះបញ្ជីដីនោះដើម្បីបានប្លង់កម្មសិទ្ធិគឺត្រូវមន្ត្រីជំនាញបដិសេធ ព្រោះជាដីចំណីប្រឡាយរបស់រដ្ឋ បើជាដីសេសសល់របស់លោក ហួន លន់ មែននោះមន្ត្រីជំនាញ នឹងចុះបញ្ជីជូនលោកហើយ ស្របពេលដែលដីនៅជាប់ទីតាំងជាមួយគ្នាគេចេញប្លង់កម្មសិទ្ធិរួចហើយ។
ទី៣ ចំពោះសិទ្ធិក្នុងការប្រើប្រាស់ដីចំណីប្រឡាយសម្រាប់ជាផ្លូវចេញចូលវិញ លោក សឿ មួយហេង មានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់ដោយសារលោក សឿ មួយហេង មានប្លង់កម្មសិទ្ធិដីនៅជាប់ដីចំណីប្រឡាយនោះ។ សម្រាប់លោក ហួន លន់ វិញ មិនមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់ដីចំណីប្រឡាយនោះបានទេ ដោយលោក មិនមានដីប្លង់រឹងកម្មសិទ្ធិនៅជាប់ដីនោះ។ ដូច្នេះ ការទាមទារ ឬ ការយកទូកុងតឺន័រ និងដាំរបងថ្មនៅលើទីតាំងដីចំណីប្រឡាយបិទបាំងឃ្លាំងមិនឱ្យមានច្រកចេញចូលជារឿងមិនត្រឹមត្រូវនោះទេ។ ការធ្វើបែបនេះទំនងជាលោក ហួន លន់ មន្ត្រីនគរបាលស័ក្តិ៥ មានចេតនាចង់ទាមទារប្រាក់កាស់ពីម្ចាស់ដីឃ្លាំងចំនួនណាមួយមិនខាន។
សូមបញ្ជាក់ថា ករណីខាងលើនេះម្ចាស់ដីដែលរងការបិទផ្លូវ នៅតែទទូចសុំឱ្យអាជ្ញាធរខណ្ឌកំបូល និងសាលារាជធានីភ្នំពេញជួយដកទូកុងតឺន័រចេញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្ម និងការរស់នៅឡើងវិញបាន៕រក្សាសិទ្ធដោយ៖CEN

×