ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនមន្ត្រី ACU ចំនួន៣នាក់ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អង្គភាពក៏ទើបតែបញ្ជូនមន្ត្រីអង្គភាព ACU ខ្លួនឯងហ្នឹង គេសួរថាអីឡូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់អ្នកពុករលួយ ចុះមន្ត្រី ACU ខ្លួនឯងពុករលួយ អ្នកណាគេចាប់ គឺអង្គភាពចាប់ខ្លួនឯង យើងមានយន្តការមួយស៊ើបអង្កេតផ្ទៃក្នុង យើងទើបបញ្ជូនទៅ ២-៣ថ្ងៃមុន ហើយមកដល់ពេលនេះជិត១០នាក់ហើយ ដែលយើងមានកសាងបញ្ជូនទៅតុលាការ ឱ្យប៉ះរឿងអំពើពុករលួយ»។
ជនទាំង៣នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះរួមមានដូចជា៖១៖ លោក ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។២៖ លោក ជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ។៣៖ ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ១៩០០រូប ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងថា ការបង្ក្រាបបទល្មើសប្រឆាំងអំពើពុករលួយ គឺស្របទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យមនុស្សម្នាក់ប្រកាន់យកផ្នត់គំនិតមិនចង់ មិនអាច និងមិនហ៊ានពុករលួយ៕
លើសពីនេះ កិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា តម្លាភាព និងគណនេយ្យភាព ជាសសរស្ដម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និតនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។ គណនេយ្យភាពជាកាតព្វកិច្ចរបស់បុគ្គល/ស្ថាប័នក្នុងការទទួលខុសត្រូវលើការសម្រេចចិត្ត លើលទ្ធផលនៃសកម្មភាពរបស់ខ្លួន។ ឯតម្លាភាព គឺជាការបើកចំហរព័ត៌មាន និងដំណើរការការងារ ដើម្បីឱ្យអ្នកពាក់ព័ន្ធ/សាធារណៈជនអាចមើលឃើញ អាចយល់បានយ៉ាងច្បាស់។ ហេតុនេះ តម្លាភាព ទាក់ទងនឹងការទទួលព័ត៌មានឱ្យបានទាន់ពេល ត្រឹមត្រូវ និងងាយយល់ មានភាពច្បាស់លាស់ មិនលាក់បាំងនូវរបៀវវារៈ ឬលាក់បាំងផលប្រយោជន៍ផ្ទាល់ខ្លួននៅពីក្រោយការសម្រេចចិត្ត។ តម្លាភាព តម្រូវឱ្យមានការតាមដាន មានយន្តការត្រួតពិនិត្យ ដើម្បីធានាថាគ្មានអំពើពុករលួយ ឬការធ្វើខុស។
កិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងថា អ.ប.ព. មានផែនការជាយុទ្ធសាស្រ្ត ៣មុខព្រួញ ១) ការអប់រំ ២) ការបង្ការទប់ស្កាត់ ៣) ការបង្រ្កាបបទល្មើសពុករលួយ ស្របនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យម្នាក់ៗប្រកាន់យកផ្នត់គំនិត មិនចង់ មិនអាច និងមិនហ៊ានពុករលួយ»។
មិនតែប៉ុណ្ណោះ កិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ថា តាំងពីយុទ្ធសាស្ត្រត្រីកោណ ចតុកោណ មកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ដោយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។
កិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា «ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើស ប៉ុន្តែជាកាតព្វកិច្ច»។ «សូមឱ្យយើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»៕ រក្សាសិទ្ធដោយ៖សុទ្ធលី


