Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់-ទទួលប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ ចំនួន ២ទីតាំង នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលប្រជាជនទទួលផលប្រមាណ ២០០០គ្រួសារ ជូនក្រសួងឧស្សាហកម្ម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រគល់-ទទួលប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ ចំនួន ២ទីតាំង នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ជូនក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគ្រប់គ្រង និងចាត់ចែង។ ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីព័ត៌មានសង្ខេបនៃការងារសាងសង់ និងសមត្ថភាពនៃការផ្គត់ផ្គង់ទឹករបស់ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ទាំងពីរទីតាំងខាងលើ។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ជូនថា ពិធីប្រគល់-ទទួលនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមឆត្រនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ក្នុងន័យនេះ ក្រសួង ស្ថាប័ននានា បានសហការគ្នាជាសហថាមពល ដើម្បីអនុវត្តអភិក្រម”ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងគោលដៅរួមគឺ បម្រើផលប្រយោជន៍ជូនប្រជាជនឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍រួចមក ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយសុភវិនិច្ឆយរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលគិតគូរខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជនបទ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីតួនាទីដ៏សំខាន់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលប្រើប្រាស់ប្រកបគុណភាព ដូចដែលរាជរដ្ឋាភិបាលបានកំណត់ជាអាទិភាពគន្លឹះទី៣ ក្នុងយុទ្ធបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានប្ដេជ្ញាក្នុងការអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងមាននិរន្ដរភាព ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសុខុមាលភាព កម្រិតជីវភាព និងសេដ្ឋកិច្ចនៅតំបន់ជនបទកាន់តែប្រសើរឡើង និងឈានទៅសម្រេចនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។

សូមជម្រាបជូនថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ទាំង ២ទីតាំង ខាងលើ ស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប មានប្រជាជនទទួលផលប្រមាណ ២០០០គ្រួសារស្មើនឹង ១០៦០០នាក់ មានសមត្ថភាពផ្គត់ផ្គង់ទឹកប្រមាណ ៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) ហើយពិធីប្រគល់-ទទួល នេះទៀតសោធ មានគោលបំណងដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតដែលមានលក្ខណៈស្ដង់ដាពេលលេញជូនប្រជាពលរដ្ឋនៅតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×