ធនាគារជាតិនៃកម្ពុជា ដាក់ចេញប្រកាសលេខ ធ៣៧.០២៦.២០៤ ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្តីពី ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឱ្យប្រើប្រាស់ជំនួសប្រកាសលេខ ធ៧-០១៥-១៥៣ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្តីពី ការផ្តល់សន្ទនីយភាពចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ប្រកាសនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សន្ទនីយភាពចាំបាច់សម្រាប់ជាជម្រើសកាន់តែរឹងមាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
ប្រកាសនេះអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលកំពុងជួបបញ្ហាសន្ទនីយភាពបណ្ដោះអាសន្ន ស្នើសុំសន្ទនីយភាពចាំបាច់ជាជម្រើសចុងក្រោយ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រោមក្របខ័ណ្ឌនៃប្រកាសថ្មីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទីជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី








