Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងឱកាស «ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៦»៕

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានចេញសារលិខិតក្នុងឱកាស «ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៦»។

ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ តាងនាមថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងអាជ្ញាធរទន្លេសាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការចូលរួមអប់អរ សាទរជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាជនទាំងអស់នៅលើពិភពលោក ដើម្បីប្រារព្ធទិវាដ៏មាន សារៈសំខាន់ចំនួនពីរ គឺ«ទិវាទឹក និងឧតុនិយមពិភពលោក» ដែលជាព្រឹត្តិការណ៍មានការទទួលស្គាល់ ជាសកល ដើម្បីបង្ហាញពីសារៈសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ។

ព្រឹត្តិការណ៍ទាំងនេះគឺជាឱកាស ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមទាក់ទងនឹងទឹកនិងអាកាសធាតុ ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមភាគីពាក់ព័ន្ធ និងលើកកម្ពស់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់សន្តិសុខទឹក និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ឆ្នាំ២០២៦នេះ ពិភពលោកបានកំណត់មូលបទយ៉ាង មានអត្ថន័យ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលអាកាសធាតុដែលកាន់តែស្មុគស្មាញ និងតម្រូវការចាំបាច់ក្នុងការ
គ្រប់គ្រងធនធានទឹក់ប្រកបដោយចីរភាព។

ទិវាទឹកពិភពលោក បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែមីនា ចាប់តាំងពីឆ្នាំ១៩៩៣ មក ក្រោមការសម្របសម្រួលរបស់ UN Water ដែលជាស្ថាប័នអង្គការសហប្រជាជាតិសម្រាប់ទឹក និងអនាម័យ ដើម្បីបង្កើនភាពមើលឃើញ និងការទទួលស្គាល់តម្លៃនៃទឹក ក៏ដូចជាការចាត់វិធានការដើម្បីការពារទឹក និង ដោះស្រាយវិបត្តិទឹកជាសកល និងដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៦(SDG6)៖ ទឹកនិងអនាម័យសម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥(SDG5)៖ សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី និងក្មេងស្រីទាំងអស់។ សម្រាប់យុទ្ធនាការឆ្នាំ២០២៦នេះ ទិវា ទឹកពិភពលោក ប្រារព្ធឡើងក្រោមប្រធានបទដែលផ្តោតលើការផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅរវាង «ទឹក និង សមភាពយែនឌ័រ» ក្រោមពាក្យស្លោក «ទីណាមានលំហូរទឹក ទីនោះនឹងមានសមភាពរីកចម្រើន-Where water flows, equality grows» ដោយសង្កត់ធ្ងន់ថា វិបត្តិទឹកសកលគឺជាវិបត្តិរបស់ស្ត្រី។

ចំណែក ទិវាឧតុនិយមពិភពលោក បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៣ ខែមីនា ចាប់តាំងពីឆ្នាំ ១៩៥០មក ក្រោមការសម្របសម្រួលរបស់អង្គការឧតុនិយមពិភពលោក ដើម្បីបង្ហាញពីការរួមចំណែកដ៏សំខាន់ នៃសេវាឧតុនិយម និងជលសាស្ត្រ ចំពោះសុវត្ថិភាព និងសុខុមាលភាពសង្គម។ សម្រាប់ឆ្នាំ២០២៦នេះ ទិវា ឧតុនិយមពិភពលោក ប្រារព្ធឡើងក្រោមប្រធានបទ “សង្កេតការណ៍ថ្ងៃនេះ ការពារថ្ងៃស្អែក-Observing today, protecting tomorrow” ដោយសង្កត់ធ្ងន់ថា រាល់ទិន្នន័យដែលប្រមូលបានថ្ងៃនេះ រាប់តាំងពីរូបភាពផ្កាយរណប រហូតដល់ការវាស់កម្រិតទឹកទន្លេ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុវត្ថិភាពនៅថ្ងៃអនាគត។ អង្គការឧតុនិយម ពិភពលោក(WMO) បានកំណត់គោលដៅជាក់លាក់សម្រាប់ឆ្នាំ២០២៦ គឺ ១)ការបំពេញចន្លោះប្រហោង នៃទិន្នន័យ ដោយធ្វើការជំរុញយ៉ាងខ្លាំងក្លាក្នុងការគាំទ្រដល់ប្រទេសដែលអភិវឌ្ឍន៍តិចតួច (LDCs) និងរដ្ឋ ដីកោះតូចៗ(SIDS) ដែលបណ្ដាញសង្កេតការណ៍នៅមានកម្រិតតិចតួច ២)ប្រព័ន្ធព្រមានទុកជាមុនសម្រាប់ ទាំងអស់គា្ន(EW4AII) ដើម្បីធានាថាមនុស្សគ្រប់រូបនៅលើផែនដីត្រូវបានការពារដោយប្រព័ន្ធព្រមានទុកជាមុន ឱ្យបានត្រឹមដំណាច់ឆ្នាំ២០២៧ និង ៣)ការពង្រឹងអំណាចយុវជន តាមរយៈការជំរុញឱ្យអ្នកជំនាញវ័យក្មេង និងនិស្សិតក្លាយជា “អ្នកការពារអនាគត» ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា វិបត្តិទឹកបានជះឥទ្ធិពលលើមនុស្សគ្រប់គ្ន ប៉ុន្តែផលប៉ះពាល់មានកម្រិតមិនស្មើគ្នាឡើយ។ នៅតំបន់ដែលខ្វះខាតទឹកស្អាត និងប្រព័ន្ធអនាម័យ ស្ត្រីនិងកុមារី ជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោម ៥៣ ប្រទេស ស្រ្តីនិងកុមារី ចំណាយពេលសរុប ២៥០ លានម៉ោង ក្នុងមួយថ្ងៃ ដើម្បីទៅដងទឹក ដែលនេះគឺច្រើនជាងបុរស និងក្មេងប្រុសដល់ទៅ៣ដង ហើយពេលវេលាដែល ត្រូវចំណាយលើការគ្រប់គ្រងទឹក គឺជាពេលវេលាដែលត្រូវបាត់បង់សម្រាប់ការសិក្សា ការរកប្រាក់ចំណូល ឬ ការធ្វើជាអ្នកដឹកនាំក្នុងសហគមន៍។ កង្វះខាតទឹកស្អាតនាំឱ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរ ក្នុងនោះ កុមារ អាយុក្រោម ៥ឆ្នាំ ជិត ១០០០នាក់ ស្លាប់ជារៀងរាល់ថ្ងៃ ដោយសារទឹកមិនស្អាត និងខ្វះអនាម័យ ហើយជិត ពាក់កណ្តាលនៃមរណភាពទារកទើបនឹងកើតនៅទូទាំងពិភពលោក កើតឡើងនៅក្នុងមណ្ឌលសុខភាពដែល ខ្វះប្រភពទឹក។ ទន្ទឹមនឹងនេះ បើទោះបីជាស្ត្រីមានតួនាទីចម្បងក្នុងការគ្រប់គ្រងទឹកក៏ដោយ ប៉ុន្ដែពួកគេមាន ចំនួនត្រឹមតែប្រហែល ១ ភាគ ៥ ប៉ុណ្ណោះក្នុងកម្លាំងពលកម្មវិស័យទឹក ហើយក្នុងចំណោម ១៤% នៃបណ្ត ប្រទេសនានា ស្ត្រីពុំមានតួនាទីផ្លូវការក្នុងការធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាទឹកឡើយ។

«ទឹក» ជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព និងជាទស្សនទានដ៏ពេញនិយមបំផុតលើ សកលលោកក្នុងសហស្សវត្សរ៍ថ្មីនេះ ដែលសំដៅដល់ការកកើតឡើង និងការទ្រទ្រង់នៃជីវិតមនុស្ស សត្វ និង រុក្ខជាតិ លើភពផែនដីនេះដោយសារទឹក។ ទន្ទឹមនឹងនេះ ការតាមដាន និងព្យាករណ៍ឧតុនិយម គឺជាខែល ការពារដ៏រឹងមាំក្នុងការកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់ត មានភាពមិនប្រាកដប្រជាដោយសារការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។
ប្រទេសកម្ពុជាដែលងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ ក្នុងការគ្រប់គ្រងធនធានទឹក និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ រួមមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ សន្តិសុខស្បៀង និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណងដើម្បី ដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា នាទស្សវត្សឆ្នាំ១៩៩០ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍជាអាទិភាព

គន្លឹះចំនួន៤គឺ ទឹក ផ្លូវ ភ្លើង និង មនុស្ស និងបានបង្កើតក្រសួងធនធានទឹក និងឧតុនិយម នៅឆ្នាំ១៩៩៩ ដើម្បីដឹកនាំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ចីរភាព និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាបន្ត រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាតិលើវិស័យធនធានទឹក សម្រាប់ ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាង សកម្មនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក និងឧតុនិយម តាមរយៈការជួសជុល-ស្តារឡើងវិញ និងសាងសង់ថ្មីនូវអាងទឹក ប្រព័ន្ធធារាសាស្ត្រប្រព័ន្ធការពារទឹកជំនន់ ទំនប់ការពារទឹកប្រៃ ការសាងសង់ស្ថានីយ និងការធ្វើទំនើបកម្មឧតុនិយម និងជលសាស្ត្រ ដើម្បីជួយកាត់បន្ថយ គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើន ផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបាននូវគោលនយោបាយជាតិស្ដីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយ ដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ក្រសួង ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដោយ បានកំណត់សកម្មភាពជាអាទិភាព សូចនាករ ពេលវេលាច្បាស់លាស់សម្រាប់អនុវត្តន៍ និងយន្តការសម្រាប់ ត្រួតពិនិត្យ និងវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និង ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
ក្នុងស្មារតីនៃទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានទឹកនៅកម្ពុជា ពិសេសក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដែលមានសារៈសំខាន់បម្រើឱ្យនយោបាយទឹកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវសន្តិសុខទឹកឈានឆ្ពោះ ទៅសម្រេចគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យពហុវិស័យ ព្រមទាំងចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ សូមចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រមទាំងចូលរួម ការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹកដែលជាទ្រព្យសម្បត្តិរួម ដើម្បី អនាគតរបស់យើងទាំងអស់គ្នា និងចូលរួមតាមដានព័ត៌មានអាកាសធាតុដោយយកចិត្តទុកដាក់ ដើម្បីត្រៀម លក្ខណៈបង្ការគ្រោះធម្មជាតិផ្សេងៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×