Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលរាជធានីភ្នំពេញបាន​ចុះបង្ក្រាបទីតាំង​ប្រព្រឹត្តបទ​ល្មេីស​ Online​ Scams​ ដោយ​ឃាត់ខ្លួន​មនុស្សជាច្រេីននាក់នៅ​សណ្ឋាគារ ជីនបៀន មេនឌូ រីសត​ហូថេល​

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលរាជធានីភ្នំពេញបាន​ចុះបង្ក្រាបទីតាំង​ប្រព្រឹត្តបទ​ល្មេីស​ Online​ Scams​ ដោយ​ឃាត់ខ្លួន​មនុស្សជាច្រេីននាក់នៅ​សណ្ឋាគារ ជីនបៀន មេនឌូ រីសត​ហូថេល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលេខ​ ១០១៩ ភូមិទ្រុងមាន់សង្កាត់​អូរបែកក្អម​ ខណ្ឌសែនសុខ​ កាលពី​រសៀល​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០២៦។ ដេីម្បី​សេដ្ឋកិច្ច​ព័ណ៌​ស​ មិនមែន​ខ្មៅ​ ឬ​ប្រផេះ​ឡេីយ។

ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លទ្ធផល នៃការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៤៩នាក់។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន៧នាក់ ក្នុងនោះជនជាតិចិន៦នាក់ និងស្ត្រីវៀតណាម១នាក់។ នៅជាន់ទី២ និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់ ក្នុងនោះជនជាតិចិន១២នាក់ ម៉ាឡេស៊ី២នាក់ ស្ត្រីមីយ៉ាន់ម៉ា១នាក់ និងស្ត្រីខ្មែរចំនួន១នាក់។ ចំណែកវត្ថុតាងមានដូចជា កុំព្យូទ័រ All In One ៦០គ្រឿង, CPU ៣១គ្រឿង និង Laptop ១គ្រឿង, ទូរស័ព្ទដៃ៦៨៧គ្រឿង និងស៊ីមកាតម៉ាឡេស៊ី ចំនួន៤៦ស៊ីម។

តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាព «វិនិយោគក្លែងក្លាយ» ដោយមានគោលដៅអូសទាញជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ។ ក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ដអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×