រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរនិងចិនសរុប០៩នាក់ ពាក់ព័ន្ធបទល្មើស០៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន០៩នាក់ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស០៣ករណី ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។
ករណីទី១, បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កបពី ១គ្រឿង របស់ស្រ្តីរងគ្រោះម្នាក់ នៅសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ហើយពួកគេ ក៏រងការចោទប្រកាន់ពាក់ព័ន្ធ រក្សាទុកនិងដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតច្បាប់ ក្រោយសមត្ថកិច្ចដកហូតវត្ថុតាងមួយចំមួយចំនួនធំដែលបម្រើឲ្យការធ្វើសកម្មភាពបទល្មើសខុសច្បាប់ ។
ករណីទី២,អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កបពី១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ពីជនរងគ្រោះ កាលពីថ្ងៃទីទី១៧ខែមីនាឆ្នាំ២០២៦ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ហើយពួកគេក៏ជាប់ពាក់ព៏ន្ធប្រើប្រាស់គ្រឿងញៀន ខណៈដែលសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន ។
ករណីទី៣,បទល្មើសបង្ខាំងដោយខុសច្បាប់ជំរិតទារប្រាក់(ពុំបានសម្រេច) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទីទី១៩ខែមីនាឆ្នាំ២០២៦ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី









