រដ្ឋធានីហាណូយ ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណា នៅទីស្នាក់មជ្ឈិមបក្ស។ ការឆ្លៀតពេលវេលាដ៏មមាញឹករបស់ ឯកឧត្តមអគ្គលេខាធិការ ដើម្បីទទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សកម្ពុជា នាខណៈនេះ បានឆ្លុះបញ្ចាំងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បង ០៣៖
ទី១-កត្តាប្រវត្តិសាស្ត្រ៖ ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ កម្ពុជា បានជួយជ្រោមជ្រែងវៀតណាមក្នុងបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពនៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើយក៏មិនអាចបំភ្លេចបាននូវការគាំទ្រទាន់ពេលវេលា និងមិនអាចខ្វះបានពីភាគីវៀតណាម ទាំងផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។
ទី២-កត្តាសេដ្ឋកិច្ច៖ ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ានៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាមេរិក នាអនាគត។ ក៏សូមកត់សម្គាល់នូវភាពជោគជ័យរបស់វៀតណាមក្នុងការកែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់មួយក្នុងតំបន់។
ទី៣-កត្តាសង្គមវប្បធម៌៖ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
យើងខ្ញុំជាកម្មាភិបាលជំនាន់ក្រោយ បានមើលឃើញពីមនោសញ្ចេតនា និងភាពកក់ក្តៅ ចេញពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនេះឱ្យកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនលើគ្រប់វិស័យ សម្រាប់ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












