Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន ៖ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កប់នូវស្មារតីសាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរក្នុងឱកាសអបអរសាទរ
«ខួបលើកទី១០ នកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសបា្តហ៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦»។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទសវត្សរ៍មាសនៃមិត្តភាពយូរអង្វែង ភាពជាដៃគូ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកិច្ចសហការរួមជាមួយគ្នា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កប់នូវស្មារតីសាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នាក្នុងចំណោមប្រទេសកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបង្កើតឡើង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់នូវសមិទ្ធផលជាក់ស្តែងសម្រាប់សសរស្ដម្ភទាំងបី រួមមាន៖ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងសង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ តាមរយៈការប្ដេជ្ញាចិត្តរួមប្រកបដោយ និរន្តភាព យើងសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់លើវិស័យជាច្រើន រួមមាន ការតភា្ជប់ ការពង្រឹងសមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
វឌ្ឍនភាពជាបន្តបន្ទាប់ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានត្រួសត្រាយដោយមាន ក្របខណ្ឌស្ថាប័នដ៏រឹងមាំ ដែលកែប្រែចក្ខុវិស័យយុទ្ធសាស្ត្រទៅជាលទ្ធផលជាក់ស្ដែង។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១ នៅទីក្រុងជីងហុង ឆ្នាំ២០១៥ និងកិច្ចប្រជុំកំពូលលើកទី១ នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ បានបង្កើតនូវមូលដ្ឋានគ្រឹះដែលផ្តល់នូវទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ និងបានផ្លាស់ប្ដូរការប្ដេជ្ញាចិត្ត កម្រិតខ្ពស់ទៅជាគំនិតផ្ដួចផ្ដើមដែលអាចអនុវត្តប្រកបដោយប្រសិទ្ធភាព។ យន្តការទាំងនេះបានធានា ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែបន្តឆ្លើយតប និងផ្ដោតលើលទ្ធផល ដើម្បីផ្តល់នូវ អត្ថប្រយោជន៍ប្រកបដោយអត្ថន័យដល់ប្រជាជនរបស់យើង។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងបន្តទៀតថា ដំណើររបស់យើងត្រូវបានកំណត់ដោយឯកសារគោលសំខាន់ៗ ដោយចាប់ផ្តើមពីសេចក្ដីថ្លែងការណ៍ ទីក្រុងសាន់យ៉ា និងបន្តពង្រឹងដោយឯកសារលទ្ធផលជាបន្តបន្ទាប់ រួមមានសេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ និងផែនការសកម្មភាពប្រាំឆ្នាំ (ឆ្នាំ២០២៣-២០២៧)។ ក្របខណ្ឌទាំងនេះបន្តបម្រើជាផែនទី បង្ហាញផ្លូវដ៏ទូលំទូលាយ ដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាបន្ន នៃអនុតំបន់មេគង្គ-ឡានឆាង។
កត្តាដ៏សំខាន់នៃភាពជោគជ័យរបស់យើងគឺ ស្ថិតលើមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ដែលបានគាំទ្រគម្រោងជាក់ស្ដែងរាប់រយដោយផ្តោតលើប្រជាជនលើវិស័យជាច្រើន រួមមាន ការអភិវឌ្ឍជនបទ ការគ្រប់គ្រងធនធានទឹក កសិកម្ម បរិស្ថាន អប់រំ សកម្មភាពកំចាត់មីន ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ស្ត្រី និងការពង្រឹងសមត្ថភាពយុវជន។ ចាប់តាំងពីឆ្នាំ២០១៧ មក កម្ពុជាទទួលបានគម្រោងចំនួន ១០៦ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គំនិតផ្ដួចផ្ដើមទាំងនេះមិនត្រឹមតែធ្វើឱ្យជីវភាពរស់នៅប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង ការតភ្ជាប់ថ្នាក់ជាតិ ការអភិវឌ្ឍជនបទ និងប្រសិទ្ធភាព នៃគំរូកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំងធ្វើឱ្យចំណងមិត្តភាពក្នុងចំណោមប្រជាជាតិរបស់យើងឱ្យកាន់តែស៊ីជម្រៅផងដែរ។ ខ្ញុំសូម
ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន
ចំពោះការបន្តគាំទ្រក្នុងការផ្តល់មូលនិធិដល់គម្រោងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួននេះក៏បានជំរុញដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ
ក្នុងអនុតំបន់ផងដែរ។

សមិទ្ធផលទាំងនេះបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺទៅលើសពីយន្តការកិច្ចសហ- ប្រតិបត្តិការ ដែលសង្កត់ធ្ងន់លើភាពជាដៃគូដ៏រស់រវើក និងការវិវឌ្ឍទៅមុខ ដោយផ្អែកលើទំនុកចិត្ត សាមគ្គីភាព និងបំណងប្រាថ្នារួម។ កិច្ចសហប្រតិបត្តិការនេះ ឈរជាគំរូជោគជ័យមួយនៃកិច្ចសហ- ប្រតិបត្តិការឈ្នះ-ឈ្នះ និងជាឧទាហរណ៍ដ៏ទាក់ទាញ នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលបង្ហាញ ពីគំរូដល់បណ្តាប្រទេសនៅភាគខាងត្បូង អាចធ្វើការរួមគ្នាដើម្បីផ្លាស់ប្ដូរបញ្ហាប្រឈមទៅជា
កាលានុវត្តភាព និងកសាងជោគវាសនារួមប្រកបដោយវិបុលភាព។
ទន្លេមេគង្គ-ឡានឆាង មិនត្រឹមតែជាលក្ខណៈភូមិសាស្ត្រមួយទេ វាគឺជាសរសៃឈាមដែលភ្ជាប់ប្រជាជាតិ របស់យើង។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យើងបានឈានទៅលើសពីដៃគូសន្ទនា រហូត ដល់ការផ្តល់នូវលទ្ធផលជាក់ស្ដែង និងប្រកបដោយសកម្មភាព។ ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែល ជាស្ពានតភ្ជាប់ព្រំដែនរបស់យើងទៅគ្រប់គម្រោងដ៏មានប្រយោជន៍នៅតាមសហគមន៍ យើងបានបង្ហាញ
ថា តាមរយៈសាមគ្គីភាពនិងកិច្ចខិតខំប្រឹងប្រែងរួម យើងអាចសម្រេចបាននូវវឌ្ឍនភាពដ៏មានអត្ថន័យ និងយូរអង្វែង។
ស្របពេលដែលយើងចាប់ផ្តើមទសវត្សរ៍មាសនៅពេលខាងមុខ យើងសូមបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួម របស់យើងចំពោះការបើកចំហ បរិយាបន្ន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការអភិវឌ្ឍបៃតង នវានុវត្តន៍ និងសន្តិភាពយូរអង្វែង ក្រោមមូលបទ “រួមគ្នាកសាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ ២.០»។ ប្រសិនបើយើងសម្លឹងទៅអនាគត វាចាំបាច់ណាស់ដែលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៀតសម្រាប់វិស័យអាទិភាពសំខាន់ៗ រួមមាន ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការតភា្ជប់ ក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍបៃតង បរិវត្តកម្មឌីជីថល និងកំណើនប្រកបដោយ បរិយាបន្ន ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងអស់គ្នា។

កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ចាប់តាំងពីការចាប់ផ្តើមដំបូង នៃកិច្ចសហប្រតិបត្តិការនេះ។ ក្នុងស្មារតីនេះ កម្ពុជាសូមបញ្ជាក់ សាឡើងវិញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកមេគង្គ- ឡានឆាង ដើម្បីអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព និងស្វែងរក វិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងនវានុវត្តន៍ ដែលនាំឱ្យមានការជំរុញបន្ថែមនូវវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ក្នុងន័យនេះ កម្ពុជានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងយ៉ាងសកម្ម ឱ្យទៅជា ក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទ្រទ្រង់ពហុភាគីនិយម និងសមាហរណកម្មតំបន់ ដែលមានគោលដៅឆ្លើយតបនឹងបញ្ហាប្រឈមរួម ក្តាប់យកកាលានុវត្តភាពថ្មីៗ និងធ្វើឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលក្នុងការកសាងសហគមន៍ដែលមានជោគវាសនារួម ប្រកបដោយ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅទូទាំងអនុតំបន់មេគង្គ-ឡានឆាង។
ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមជូនពរកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបានជោគជ័យបន្ត បន្ថែមទៀត និងសូមប្រសិទ្ធិពរឱ្យសម្រេចបាននូវសន្តិភាព វិបុលភាព និងមិត្តភាពយូរអង្វែងរវាង ប្រជាជាតិយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×