Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម បង្ហាញ​សក្តានុពល​វិនិយោគ​លើ​វិស័យ​កសិកម្ម ដល់​គណៈប្រតិភូ​ធុរជន​អាមេរិក​

​ភ្នំពេញ ​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល បាន​ធ្វើ​ការពន្យល់​គណៈ​ប្រតិភូ​ធុរជន​អាមេរិក អំពី​កាលានុវត្តភាព (​ឱកាស​) វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការនាំ​ចេញ​ក​សិ​-​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ការ​ប្តេជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការសម្របសម្រួល​ការអភិវឌ្ឍ​វិស័យ​ឯកជន តាមរយៈ​ការលើកកម្ពស់​បរិ​យាស​កាស​ធុរកិច្ច​, វិនិយោគ និង​ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​ការពន្យល់​របស់​លោក​ស្រី​រដ្ឋលេខាធិការ បាន​ធ្វើឡើង​នា​ឱកាស​ចូលរួម​ជា​អធិបតី​ពិធី​បើក​កិច្ចប្រជុំ ស្តី​ពី​កាលានុវត្តភាព​ធុរកិច្ច​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ចម និម្មល បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់ នៃ​វិស័យ​កសិកម្ម និង​ការរួមចំណែក​របស់​វិស័យ​នេះ ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ (GDP) ព្រមទាំង​បាន​ជម្រាប​គណៈប្រតិភូ​ធុរជន​អាមេរិក អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋា​ភិបាល​​កម្ពុជា ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម សំដៅ​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដូច​បាន​កំណត់​នៅក្នុង​សសរ​ស្តមទី​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤​។​

​លោកស្រី​រដ្ឋលេខាធិការ បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ប្រជាកសិករ និង​ពាណិជ្ជករ​កម្ពុជា​ភាគច្រើន បាន​កំពុង​ជួបប្រទះ ព្រមទាំង​បាន​ស្នើ​ដល់​គណៈប្រតិភូ​ធុរជន​អាមេរិក ពិចារណា​វិនិ​យោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ក៏ដូចជា​ការពង្រឹង​សមត្ថភាព​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

“​យើង​មាន​ទំនុកចិត្ត​ថា ការវិនិយោគ​ផ្នែក​សាធារណៈ និង​ឯកជន នៅក្នុង​ចង្វាក់​តម្លៃ និង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង គឺជា​ធាតុ​ដ៏​សំខាន់ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​ទី​២ ស្តីពី “​លុបបំបាត់​ការអត់ឃ្លាន​” និង​គោលដៅ​ទី​៨ ស្តីពី “​អនុលោម​ការងារ និង​កំណើន​សេដ្ឋកិច្ច​” លោកស្រី ចម និម្មល បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក សម្រេចបាន ៣,៥​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក មាន​ទំហំ ៣,១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​នាំចូល​ពី​អាមេរិក មាន​ទំហំ ៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​បាន​កើនឡើង ១១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹមគ្នានេះ ទំហំ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​របស់​អាមេរិក​មក​កម្ពុជា មាន​ចំនួន ១៥១​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ១១,៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

 

×