ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ថា ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៨ ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងតាមតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប ប្រឈមនឹងជំនន់ទឹកភ្លៀង ។
ប្រភពដដែល បានបន្តថា យោងតាមការព្យាករណ៍ បន្ទាប់ពីប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើព្រះរាជាណាចក្រកម្ពុជា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ដល់៣០ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួងជំនាញ ក៏បានស្នើសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសពលរដ្ឋនៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕ ដោយ ៖ កូឡាប