Tuesday, June 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តកណ្ដាលបំភ្លឺជុំវិញព័ត៌មាននាំខ្លួនអធិការរងខណ្ឌជ្រោយចង្វាទៅសួរនាំ ពាក់ព័ន្ធករណីមន្ត្រីកិច្ចសន្យាលោតទឹកស្លាប់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុក ដែលបានបង្ហោះខ្លឹមសារថា នគរបាលខេត្តកណ្ដាលបាននាំខ្លួនអធិការរងខណ្ឌជ្រោយចង្វាទៅសួរនាំ ក្រោយមានស្ត្រីម្នាក់ដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា បុគ្គលរូបនោះបានចាប់ខ្លួនកូនរបស់គាត់ ដែលជាមន្ត្រីកិច្ចសន្យានគរបាលចរាចរណ៍ បណ្ដាលឱ្យលោតពីលើសាឡាងចម្លង និងលង់ទឹកស្លាប់ ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងច្បាស់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចទំនាក់ទំនងហៅបុគ្គល ដែលពាក់ព័ន្ធក្នុងករណីខាងលើ មកធ្វើការបំភ្លឺបាននៅឡើយទេ ។ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ កំពុងបន្តបើកការស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាតាមដានព័ត៌មានពីប្រភពផ្លូវការ និងរង់ចាំលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ដើម្បីជៀសវាងការយល់ច្រឡំ ឬការចែករំលែកព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ។ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីសមត្ថកិច្ចជំនាញ ហើយលទ្ធផលជាក់លាក់នឹងត្រូវផ្សព្វផ្សាយជូនសាធារណជននៅពេលក្រោយ តាមនីតិវិធី និងយន្តការផ្លូវការរបស់អាជ្ញាធរមានសមត្ថកិច្ច ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×