នាយករដ្ឋមន្ត្រីកាណាដា Trudeau ស្រក់ទឹកភ្នែកពេលថ្លែងការណ៍សុំទោស “យើងខ្ញុំសុំទោសចំពោះសម្ពាធកៀបសង្គត់លើអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរភេទ។ ជួសមុខឲ្យរដ្ឋាភិបាល រដ្ឋសភា និងពលរដ្ឋកាណាដា យើងខ្ញុំសូមទទួលស្គាល់កំហុស។ យើងខ្ញុំពិតជាសុំទោសហើយនឹងពុំទុកឲ្យរឿងបែបនេះកើតឡើងម្តងទៀតឡើយ”។ លោក Trudeau នៅបានប្រាប់ថា រដ្ឋាភិបាលកាណាដា នឹងចំណាយ ៧៨លានដុល្លារ ដើម្បីទុកដោះស្រាយករណីប្តឹងប្តល់ទាមទារសិទ្ធិនិងផលប្រយោជន៍ពីមនុស្សរាប់ពាន់នាក់ ដែលបានបាត់បង់ការងារ ព្រោះតែការរើសអើងភេទ។


ពាក្យសុំទោសនេះ គឺសម្រាប់អ្នកភេទទី៣ ដែលត្រូវរងអយុត្តិធម៌ ដោយការបដិសេធមិនទទួលយកធ្វើការនៅស្ថាប័នរដ្ឋាភិបាល កងទ័ព ប៉ូលិស និងស្ថាប័នចារកម្ម សញ្ជាតិពិសេសចន្លោះឆ្នាំ ១៩៥០-១៩៩០។
គួររំលឹកថា នៅចន្លោះឆ្នាំ ១៩៥០-១៩៩០ រដ្ឋាភិបាលកាណាដាពេលនោះបានអនុវត្តនយោបាយរឹងរូសតាមរយៈយុទ្ធនាការកាត់បន្ថយផលប្រយោជន៍របស់សហគមន៍ភេទទី៣ ឬប្តូរភេទ។ អ្នកណាក៏ដោយឲ្យតែប្រកាសថាខ្លួន ជាភេទទី៣ ឬប្តូរភេទ និងពុំទទួលបានការគោរព។ ឆ្នាំ១៩៦៩ រដ្ឋាភិបាលបានលុបចោល គោលនយោបាយនេះ ហើយរហូតដល់ឆ្នាំ ១៩៩២ ទើបគោលនយោបាយនេះបានត្រូវបញ្ចប់តាមរយៈសាលក្រមរបស់តុលាការសហព័ន្ធ៕ ដោយ ៖ ចន្ទ្រា