ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា អាស្រ័យដោយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅរាជធានីភ្នំពេញ ទូទាំងប្រទេសកម្ពុជា ក្រៅពីភាពរីកចម្រើនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វាយណភណ្ឌ វិស័យឧស្សាហកម្មសំណង់ ក៏មានសន្ទុះកើនឡើង និងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។
មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងសម្ភោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០វិច្ឆិកានេះ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានសាទរ ចំពោះសមិទ្ធផលការងារដែល សមាគមអ្នកសាងសង់កម្ពុជា សម្រេចបាន ជាពិសេសការចូលរួមបង្កើតស្នាដៃថ្មី ទាំងក្នុងវិស័យរដ្ឋ និងឯកជន ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាគំរូដល់យុវជនជំនាន់ក្រោយ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានថ្លែងថា បច្ចុប្បន្នសមាគម មានសមាជិកប្រមាណ១៤០ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនប្រកប អាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន លក់សម្ភារៈបរិក្ខា ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈសំណង ក្រុមហ៊ុនធ្វើពីសោធន៍ដី និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះ ជាសាខាក្រុមហ៊ុនរបស់បរទេស មកពីប្រទេសចិន ជប៉ុន កូរ៉េ ថៃ សិង្ហបុរី ស៊ុយអ៊ែត និងស្វីស…ល។
អ្នកឧកញ៉ា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំសមាគមតែងតែរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យសមាជិកសមាគមទាំងអស់ ព្រមទាំងក្រុមហ៊ុននៅក្នុងស្រុក និងបរទេស ដែលកំពុង មានធុរកិច្ចលើវិស័យសំណង់ទាំងអស់នៅកម្ពុជា មានឱកាសបានដាក់តាំងបង្ហាញ និងលក់ផលិផលដូចជាសម្ភារៈ ឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទ មិនតែប៉ុណ្ណោះក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗមានស្ដង់ដារត្រឹមត្រូវ ដូចជាការតម្លើងប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាំមេរ៉ា និងសេវាកម្មជាច្រើនទៀត៕ ដោយ៖បញ្ញាស័ក្តិ