តាកែវ៖ នៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបតិ្តការរវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្នងការនគរបាលខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរនគរបាលខេត្តអាងយ៉ាង នៃសាធារណរដ្ឋ
សង្គមនិយមវៀតណាម រយៈពេល ១ឆ្នាំ ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៧ នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឡើកឡើងលើអង្គប្រជុំថា ការប្រជុំអស់រយៈពេលមួយព្រឹកនេះ គឺជាការបង្កើតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការ ក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ សំដៅធានាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្តទាំងបី អោយបានឯកភាពគ្នានិងលើកទិសដៅសហប្រតិបតិ្តការបន្តនៅឆ្នាំខាងមុខ ។
សូមបញ្ជាក់ផងដែរ នៅក្នុងទិសដៅនៃការអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០១៨ រវាងស្នងការនគរបាលខេត្តតាកែវ ខេត្តកណ្តាល និងមន្ទីរនគរបាលខេត្តអាងយ៉ាងនោះមាន ទី១ បង្កើនកចិ្ចសហប្រតិបត្តិការត្រួតពិនិត្យតាមច្រករបៀង ប៉ុស្តិ៍ការពារព្រំដែនប៉ុស្តិ៍ទ្វេភាគី និងឃុំស្រុកជាប់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាអោយបាននៅសន្តិសុខសណ្តាប់ធ្នាប់ ។ ទី២ បន្តជម្រុញវិធានការអប់រំណែនាំមហាជន ប្រជាជនដែលមានលំនៅដ្ឋានជាប់ព្រំដែន អ្នករកស៊ីចេញ ចូល ផ្លាស់ប្តូរទំនិញតាមព្រំដែនអោយបានយល់ច្បាស់អំពីច្បាប់ និងបទបញ្ញតិព្រំដែននៃប្រទេសទាំងពីរ ។ ទី៣ ភាគីទាំងពីរបន្តរក្សាអោយបានជាប្រចាំនូវការផ្តល់ពត័មានសភាពការណ៏ ។ ទី ៤ បន្តកិច្ចសហប្រតិបត្តិការ តស៊ូបង្ការនិងប្រឆាំងរាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ អំពើភេរវកម្ម និងការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរអាវុធ និងបទល្មើសសេដ្ឋកិច្ច ដែលតែងតែធ្វើសកម្មភាពឆ្លងកាត់តំបន់ព្រំដែន នៃខេត្តទាំងបី ប្រទេសទាំងពីរ ។ និងចំនុចទី៥ សហការជិតស្និទ្ធធនាសន្តិសុខ សុវត្តិភាពជូនការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន បន្តធ្វើសេនាធិការជូនអាជ្ញាធរថ្នាក់ខេត្ត ដើម្បីស្នើទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជម្រុញការចរចារ ក្នុងការសម្រេចការងារខណ្ឌសីមាបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរអោយបានឆាប់ និងដោះស្រាយបានទាន់ពេលវេលារាល់ បាតុភាពស្មុគស្មាញដែលកើតមានឡើងនៅតាមបន្ទាប់ព្រំដែន រវាងខេត្តអាងយ៉ាង ខេត្តតាកែវ និងខេត្តកណ្តាល៕ តាកែវ